រតនគិរី៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងជំនាញ និងកម្លាំងមូលដ្ឋានសរុបចំនួន ៥៧នាក់ បន្តអនុវត្តបទបញ្ជាថ្នាក់លើ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។



ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម ញ៉ែម សំអឿន ដោយមានការសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង-ស្រុក។
កម្លាំងចម្រុះបានចុះត្រួតពិនិត្យតាមសណ្ឋាគារ ផ្ទះសំណាក់ រីសត និងក្រុមហ៊ុននានា សរុបចំនួន ៣០ទីតាំង។
ជាលទ្ធផល ក្រុមការងារមិនបានរកឃើញសកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅទីតាំងណាមួយឡើយ៕
អត្ថបទ៖ ចតុម្មុខ

