ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស។






ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១:៥៤នាទី នៅចំណុចការ៉ាស់សាំង TOTAL ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១:២០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់បានជោគជ័យ។
ជនសង្ស័យទាំងអស់មានអាយុចន្លោះពី ១៦ ដល់ ១៧ឆ្នាំ។ ក្នុងហេតុការណ៍នេះ បណ្ដាលឱ្យខូចខាតក្បាំងម៉ូតូ និងកុងទ័រម៉ូតូ ព្រមទាំងវៀចឈ្នាន់ម៉ូតូ ខណៈវត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមានម៉ូតូចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ចតុម្មុខ

