កណ្តាល៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី នៅចំណុចខាងលិចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក។



ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងកំណត់អត្តសញ្ញាណម្នាក់ទៀតដែលកំពុងរត់គេចខ្លួន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន៖
- ឈ្មោះ លី ជាវឡេង អាយុ ៣៤ឆ្នាំ
- ឈ្មោះ មុំ សុផល អាយុ ៣៩ឆ្នាំ
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២កញ្ចប់ ទម្ងន់សរុប ៣.៣៥ក្រាម ទូរស័ព្ទដៃ ២គ្រឿង ឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន មួយចំនួន លុយខ្មែរ ២០,០០០រៀល និងម៉ូតូ ២គ្រឿង។
តាមសមត្ថកិច្ច បុរសឈ្មោះ លី ជាវឡេង ត្រូវបានប្រទះឃើញកំពុងស្នាក់នៅកន្លែងកើតហេតុ និងរកឃើញថ្នាំញៀនលាក់នៅជិតខ្លួន។ ក្រោយការសាកសួរ បានសារភាពថាគ្រឿងញៀនជារបស់ខ្លួន និងទិញមកពីបុរសម្នាក់ឈ្មោះ អឿន (ហៅទ្រព្យ) ដើម្បីលក់បន្ត។
បន្តមក បុរសឈ្មោះ មុំ សុផល បានទាក់ទងទិញថ្នាំញៀន និងបានមកដល់កន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបន្តកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យម្នាក់ទៀតកំពុងត្រូវស្វែងរកចាប់ខ្លួន៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

