ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសជាផ្លូវការសម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះ លោក វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបើកផ្លូវឱ្យក្រុមប្រឹក្សាវិន័យបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង វរសេនីយ៍ឯក ចាន់ សុធី ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដើម្បីពិនិត្យវាយតម្លៃតាមនីតិវិធីលើការអនុវត្តជំនាញ។ នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ។

សេចក្ដីប្រកាសដដែលបញ្ជាក់ថា វរសេនីយ៍ឯក ចាន់ សុធី ត្រូវទៅបង្ហាញមុខនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចថ្មី។

នៅក្នុងប្រកាស ពុំបានបញ្ជាក់ពីមូលហេតុដែលត្រូវផ្អាកការងារបណ្ដោះអាសន្នចំពោះមន្ត្រីនគរបាលរូបនេះទេ។ ប៉ុន្តែបើតាមការលើកឡើងស្រដៀងៗគ្នានៅលើបណ្ដាញសង្គម ករណីនេះទំនងជាជាប់ពាក់ព័ន្ធ នឹងភាព​មិនប្រក្រតីក្នុងការកសាងសំណុំរឿង​ករណី​គ្រោះថ្នាក់ចរាចរណ៍មួយ​ នៅខេត្ត​បាត់ដំបង​កាលពីថ្ងៃ ១៦​ ខែកុម្ភៈ​ ២០២៦។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបំភ្លឺជុំវិញករណីនេះថា ការអនុវត្តប្រកាសផ្អាកការងារបណ្ដោះអាសន្ននេះ គឺអនុវត្តតាំងពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មកម៉្លេះ ដោយសាមីខ្លួនវរសេនីយ៍ឯក ចាន់ សុធី មិនកាន់មុខតំណែងជានាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទៀតនោះទេ ដោយសាមីខ្លួនត្រូវបង្ហាញមុខផ្ទាល់នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

លោកបន្តថា ចំពោះក្រុមប្រឹក្សាវិន័យក្រសួងមហាផ្ទៃកំពុងធ្វើការងារនេះជាបន្តបន្ទាប់ ពោលគឺ នឹងប្រជុំពិនិត្យ វាយតម្លៃ សម្រេចទៅលើរបាយការណ៍ស្រាវជ្រាវរបស់ជំនាញពាក់ព័ន្ធ ដែលក្នុងនោះ តាំងពីដើមដំបូងមកគឺមាននាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះទៅអង្កេតស្រាវជ្រាវ និងសហការលើការងារតាមជំនាញផ្សេងៗ។

អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃក៏បានអង្កេតស្រាវជ្រាវ រហូតដល់ទៅហៅសាមីមន្ត្រីខាងលើ និងមន្ត្រីពាក់ព័ន្ធមកឆ្លើយបំភ្លឺលើការអនុវត្តជំនាញ និងការអនុវត្តនីតិវិធីនេះផងដែរ។

ជាមួយគ្នានេះ ការប្រជុំក្រុមប្រឹក្សាវិន័យរបស់ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យឱ្យឃើញថា តើពិតជាមានភាពមិនប្រក្រតីលើការអនុវត្តការងារជំនាញ និងនីតិវិធីដែរ ឬយ៉ាងណា ឬក៏ការអនុវត្តរបស់មន្ត្រីរូបនេះមានសុចរិតភាព ស្របតាមជំនាញ ស្របតាមនីតិវិធី ដូច្នេះរង់ចាំការប្រជុំពិនិត្យ សម្រេចទៅលើរបាយការណ៍ជំនាញ ដែលបានអង្កេតស្រាវជ្រាវកន្លងមក។ លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់បន្ថែមដូច្នេះ។

ជាការកត់សម្គាល់ ចំណាត់ការលើករណីខាងលើនេះ គឺត្រូវបានធ្វើឡើងស្របទៅតាមយន្តការគតិយុត្ត និងបែបបទជាធរមាន ក្នុងការអនុវត្តទណ្ឌកម្មខាងវិន័យដល់មន្ត្រីនគរបាលជាតិ ដែលក្នុងនោះរួមមាន៖

១. ត្រូវឱ្យមន្ត្រីនគរបាលជាតិ ដែលបានប្រព្រឹត្តខុសឆ្គង សរសេរសារណាការពារខ្លួន ដោយខ្លួនឯងផ្ទាល់ ដើម្បីដោះបន្ទុក។

២. ត្រូវដាក់កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាវិន័យ ចូលក្នុងសំណុំរឿងឯកសារផ្ទាល់ខ្លួន របស់មន្ត្រីនគរបាលជាតិនោះ។

៣. ត្រូវកំណត់ប្រភេទនៃការដាក់ទណ្ឌកម្មខាងវិន័យមន្ត្រីនគរបាលជាតិណាម្នាក់ ដោយសរសេរឱ្យបានច្បាស់លាស់ អំពីឋានន្តរស័ក្តិ ឈ្មោះ អត្តលេខ អាយុ ភេទ មុខតំណែង អង្គភាពដែលសាមីមន្ត្រីកំពុងបម្រើការងារ កំហុស និងរូបភាពនៃទណ្ឌកម្មនោះ។

៤. អង្គភាពគ្រប់គ្រងមន្ត្រីនគរបាលជាតិផ្ទាល់ ត្រូវពិនិត្យពិចារណាលើកំហុសនោះ ក្នុងការដាក់ទណ្ឌកម្មឱ្យបានសមស្រប និងយុត្តិធម៌ ដើម្បីលើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេច។

ចំណាត់ការដ៏ម៉ឺងម៉ាត់លើករណីអតីតនាយការិយាល័យចរាចរណ៍ខេត្តបាត់ដំបងនេះ គឺជាសក្ខីកម្មបញ្ជាក់ពីការអនុវត្តច្បាប់ផ្ទៃក្នុងយ៉ាងតឹងរ៊ឹងរបស់ក្រសួងមហាផ្ទៃ ក្នុងការរឹតបន្តឹងវិន័យ និងភាពស្អាតស្អំរបស់កងកម្លាំង ក្នុងស្មារតីតម្លាភាព យុត្តិធម៌ និងស្មើភាពចំពោះមុខច្បាប់ ដោយគ្មានការលើកលែងឡើយ៕

Share.