ក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ឆ្នាំងនេះសាជាថ្មី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង។ ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅព្រឹលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
នេះជាបេសកកម្មលើកទី៩ និង១០ខេត្ត-ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្តដោយពីផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ និងកំពង់ឆ្នាំងនាថ្ងៃនេះ។

សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។
សម្តេចតេជោ បានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោបានបន្តរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលីពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចបន្តថា ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចបានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។

សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ ម្យ៉ាងវិញទៀតចៀសវាងប្ដីសក្ដិ៣ ប្រពន្ធសក្ដិ៤ កូនសក្ដិ៥ ដែលអាចនាំរឿងបង្កបញ្ហាប៉ះពាល់ទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្ដេចក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលកិច្ច៕


