ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំនួនពីរ ក្នុងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ៦១នាក់ (ស្រី ៦នាក់) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទម្រង់ផ្សេងៗគ្នា។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ករណីទី១៖ នៅខណ្ឌ៧មករា កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងផ្ទះលេខ៦ ផ្លូវ១៦៣ ភូមិ១១ សង្កាត់វាលវង់ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ (ស្រី ១នាក់) និងដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃ ៤គ្រឿង, all in one ១គ្រឿង, monitor ៩គ្រឿង, និង CPU ៤។




ករណីទី២៖ នៅខណ្ឌច្បារអំពៅ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យចំនួន ៣ កន្លែង នៅបុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៥៥នាក់ (ស្រី ៥នាក់) និងដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យួទ័រ all in one ៩៨គ្រឿង, កុំព្យូទ័រយួរដៃ ៥គ្រឿង, monitor ៩គ្រឿង, CPU ៧គ្រឿង, ទូរសព្ទដៃ ១១៣គ្រឿង, ដុំ wifi ៣គ្រឿង និងស៊ីមកាតបរទេសមួយចំនួន។
តាមការសន្និដ្ឋានដំបូង ក្រុមជនសង្ស័យទាំងនេះបានប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបង្កើតគេហទំព័រលក់ទំនិញក្លែងក្លាយ បើកហាងទីផ្សារក្លែងក្លាយ និងអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគ ឬទទួលការងារ ដោយកំណត់គោលដៅទៅលើជនរងគ្រោះនៅតៃវ៉ាន់ និងចិន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦១នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសំណុំរឿង និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងនគរបាលជាតិ ត្រូវបន្តយុទ្ធនាការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ជាដាច់ខាត ដើម្បីរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសជាតិលើឆាកអន្តរជាតិ៕

