កំពត៖ កិច្ចប្រតិបត្តិការវះកាត់សាច់ស្អុយក្នុងជួរកងកម្លាំង បាននិងកំពុងធ្វើឡើងយ៉ាងក្តៅគគុក ដោយគិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ មានសេចក្តីរាយការណ៍ផ្លូវការថា មន្ត្រីនគរបាលសរុបជាង ៣០នាក់ហើយ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ជុំវិញករណីគប់គិតគ្នាបង្កើតបទល្មើសថ្មី ដោយលួចកាត់សៀលចូលទៅក្នុងអគារកាស៊ីណូដែលត្រូវបានបង្ក្រាបបទល្មើស Scams Online ដើម្បីលួចយកសម្ភារៈជាវត្ថុតាង។
ព្រឹត្តិការណ៍នេះ បានបែកការណ៍កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅពេលគណៈកម្មការចម្រុះ រួមជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានចុះទៅបើកឃ្លុំបេដើម្បីប្រមូលភស្តុតាងករណី Scams Online នៅក្នុងកាស៊ីណូនាច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក (ដែលបានបង្ក្រាបកាលពីថ្ងៃទី១៦ ខែមករា)។
ពេលចុះអនុវត្តការងារ គណៈកម្មការចម្រុះបានរកឃើញថា វត្ថុតាងនៅក្នុងអគារចំនួន ៣ ត្រូវបានក្រុមជនខិលខូចកាត់សៀលលួចយកសម្ភារៈអស់មួយចំនួនធំ ដោយមិនទាន់ដឹងចំនួនពិតប្រាកដ។ ភ្លាមៗនោះ គណៈកម្មការបានសម្រេចផ្អាកការពិនិត្យអគារផ្សេងទៀត រួចបិទឃ្លុំបេឡើងវិញជាបណ្តោះអាសន្ន ដើម្បីប្រគល់ភារកិច្ចជូនសមត្ថកិច្ចបើកការស៊ើបអង្កេតជាបន្ទាន់។
មន្ដ្រីប្រព្រឹត្តប្រឈមទោសរដ្ឋបាល បញ្ចប់តំណែង និងបន្ដនីតិវិធីបញ្ជូនសំណុំរឿងទៅតុលាការ
ជុំវិញចំណាត់ការដ៏តឹងរ៉ឹងចំពោះមុខសញ្ញាទាំងអស់នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរទ្ធ ស្នងការនគរបាលខេត្តកំពត បានមានប្រសាសន៍បញ្ជាក់ប្រាប់យ៉ាងម៉ឺងម៉ាត់ថា៖
«យើងអ្នកអនុវត្តការងារផ្ទាល់ គឺធ្វើទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការយោគយល់ឡើយ។ ចំពោះមន្ត្រីអនាធិបតេយ្យ ឬបុគ្គលណាដែលបានប្រព្រឹត្តខុស គប់គិតគ្នាបំផ្លាញវត្ថុតាងច្បាប់បែបនេះ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដាច់ខាត។ ស្ថាប័ននគរបាល មិនរក្សាទុកសាច់ស្អុយដែលធ្វើឱ្យខូចកិត្តិយសកងកម្លាំងនោះទេ។ ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីហើយ»។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរទ្ធ ស្នងការនគរបាលខេត្តកំពត
បន្ទាប់ពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គ្មានការលាក់បាំង និងគ្មានការយោគយល់ ជាដំបូងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់ចំនួន ០៣នាក់ កាលពីថ្ងៃទី២៤ ខែឧសភា រហូតឈានដល់ការបើកកកាយវែកមុខសញ្ញាពាក់ព័ន្ធកាន់តែស៊ីជម្រៅ ក្នុងជួរមន្ត្រីនគរបាលដូចគ្នា ដែលរហូតមកដល់ពេលនេះ សរុបជាង ៣០នាក់ហើយ ត្រូវបានឃាត់ខ្លួន។ ចំពោះមន្ដ្រីនគរបាលដែលបានប្រព្រឹត្តខុសឆ្គងទាំងនោះ គឺត្រូវប្រឈមមុខនឹងទោសវិន័យរដ្ឋបាលយ៉ាងធ្ងន់ធ្ងរ ដោយត្រូវបញ្ចប់តំណែង និងបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ត ដោយគ្មានការលើកលែងឡើយ។
ដោយឡែក នៅក្នុងចំណោមអ្នកគប់គិតជាង ៣០នាក់នោះ ក៏មានការរកឃើញថាមានមន្ត្រីអាវុធហត្ថដែលមានការពាក់ព័ន្ធនឹងករណីលួចវត្ថុតាងនេះផងដែរ ។ ជុំវិញករណីមន្ត្រីអាវុធហត្ថនេះ ខាងភាគីស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការប្រគល់ជូនទៅខាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការស្រាវជ្រាវ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់របស់ស្ថាប័នកងរាជអាវុធហត្ថ។
បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ កំពុងរៀបចំសំណុំរឿងយ៉ាងហ្មត់ចត់បំផុត ដើម្បីបញ្ជូនក្រុមមន្ត្រីនគរបាលល្មើសច្បាប់ទាំងនោះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពតតាមនីតិវិធី៕

