ញូវយ៉ក៖ ការផ្សាយព័ត៌មានរបស់ថៃនាពេលនេះ ហាក់ដូចជាជារឿងកំប្លែងការទូតដ៏គួរឱ្យហួសចិត្តបំផុតមួយ ព្រោះថា នៅលើឆាកអន្តរជាតិដែលប្រទេសមួយធ្លាប់តែប្រើប្រាស់កម្លាំងយោធា រំលោភបំពានអធិបតេយ្យភាពទឹកដីអ្នកដទៃ បែរជាឡើងទៅលើវេទិកាអង្គការសហប្រជាជាតិ (UN) ញញឹមស្រែកទាមទាររកសន្តិភាព និងការគោរពច្បាប់អន្តរជាតិទៅវិញ។ នេះគឺលោក សីហាស័ក្ដិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានប្រឹងដោះសាមុខជាតិសាសន៍ដទៃ តែលេចធ្លាយនូវភាពអាម៉ាស់ និងលាក់មិនជិតនូវមហិច្ឆតាឈ្លានពានរបស់ជាតិសាសន៍ទៅវិញ។



ដូចពាក្យចាស់បុរាណខ្មែរលោកពោលថា «ចំណេះជិះកឯង» ព្រោះថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ នៅទីស្នាក់ការកណ្តាល UN ក្រុងញូវយ៉ក ក្នុងកិច្ចពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្រោមរបៀបវារៈ «ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ» ដែលដឹកនាំដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ សីហាស័ក្ដិ ភួងកេតកែវ បានព្យាយាមសម្តែងធ្វើជា សមាជិកគំរូ និងបានដើរតួជាអ្នកប្រដៅពិភពលោកឱ្យស្គាល់ពីតម្លៃនៃ UN ទៅវិញ ទាំងដែលរដ្ឋរបស់ខ្លួនជាអ្នកជាន់ឈ្លីច្បាប់អន្តរជាតិ មិនដែលទុកមុខឱ្យ UN ម្ដងណាឡើយ។
គួរឱ្យកត់សម្គាល់ នៅលើឆាក UN លោក សីហស័ក្តិ បានអួតអាងពីវិធីសាស្ត្ររបស់ថៃ ក្នុងការបង្កើនការទទួលខុសត្រូវរួម និងទាមទារឱ្យកែទម្រង់រចនាសម្ព័ន្ធ UN។ ប៉ុន្តែ អ្វីដែលធ្វើឱ្យតំណាងភាគីថៃត្រូវអាម៉ាស់មុខបំផុតនោះ គឺ និយាយទាំងមិនអៀនមាត់នៅពេលដែលត្រូវបង្ខំចិត្តប្រើប្រាស់សិទ្ធិឆ្លើយតបយ៉ាងជ្រួលច្របល់ ទៅនឹងការឡើងថ្លែងការណ៍ជាតិដ៏មានទម្ងន់របស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា។


នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ និងសមាជិក UN ទាំងមូល តំណាងភាគីថៃបានប្រកាសក្តែងៗទាំងបាតដៃខ្នងដៃថា៖ «ប្រទេសថៃប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងមិនមានបំណងស្វែងរក ឬទាមទារទឹកដីណាមួយ ប្រឆាំងនឹងប្រទេសណាមួយឡើយ»។
សេចក្តីថ្លែងការណ៍ដោះសារបែបនេះ មិនមែនស្តែងចេញពី «សុច្ឆន្ទៈ» នោះទេ ប៉ុន្តែវាគឺជា «ភាពទាល់ច្រកខាងការទូត»។ ថៃត្រូវបង្ខំចិត្តចេញមុខមកបដិសេធរឿងទាមទារទឹកដី ព្រោះតែរងសម្ពាធជុំទិស និងការដេញដោលពីប្រទេសជិតខាង ជាពិសេសគឺកម្ពុជា ដែលបានលាតត្រដាងពីការពិតនៃទង្វើឈ្លានពានរបស់យោធាថៃ មកលើទឹកដីភភូមិតេជោមរកត ខេត្តព្រះវិហារ និងការទម្លាក់គ្រាប់បែកចង្កោម F-16 នាពេលកន្លងទៅ។
យ៉ាងណាមិញ នៅក្នុងមជ្ឈដ្ឋានអ្នកវិភាគនយោបាយតំបន់បានមើលឃើញយ៉ាងច្បាស់ថា សម្តីដែលលោក សីហស័ក្តិ និយាយនៅ UN គ្រាន់តែជាល្បិចកលដោះដៃ និងបង្វែរការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ មាត់ថៃនិយាយពីសន្តិភាព តែទង្វើថៃជាអ្នកហែកកិច្ចព្រមព្រៀងសន្តិភាពចោល។ ថៃអំពាវនាវឱ្យគោរពប្រព័ន្ធអន្តរជាតិ តែយោធាថៃជារឿយៗតែងតែប្រើប្រាស់កម្លាំងបាយ ជាន់ឈ្លីខ្សែបន្ទាត់ព្រំដែនស្របច្បាប់ និងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិដោយមិនញញើតដៃ។


ការឡើងទៅនិយាយយកត្រូវនៅញូវយ៉កលើកនេះ បានក្លាយជាដាវត្រឡប់មកកាត់កខ្លួនឯងវិញ (ចំណេះជិះកឯង) ព្រោះពិភពលោកទាំងមូលបានដឹងនិងឃើញរួចទៅហើយនូវអ្វីដែលបានកើតឡើងនៅលើដីជាក់ស្តែង។ ភាពស្មោះត្រង់របស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី បានក្លាយជា «សញ្ញាសួរដ៏ធំ និងជាភាពគ្មានតម្លៃជឿជាក់» ឡើយ។
ការសម្តែងល្ខោនការទូតរបស់ថៃនៅ UN មិនអាចលុបលាងតំណក់ឈាមរបស់យោធិនខ្មែរ និងទឹកភ្នែករបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលរត់ភៀសសឹកដោយសារគ្រាប់បែកចង្កោម និងផ្សែងពុលរបស់ថៃនោះឡើយ។ អត្ថបទសុន្ទរកថាដ៏ពីរោះរបស់លោក សីហស័ក្តិ លាក់មិនជិតនូវស្នាមរបួសប្រវត្តិសាស្ត្រដែលថៃបានបង្កឡើងនោះទេ។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជានិងសហគមន៍អន្តរជាតិ មិនអាចបន្ធូរដៃក្នុងការតាមដានទង្វើមុខពីររបស់ភាគីថៃបានឡើយ។ សន្តិភាព និងការគោរពច្បាប់អន្តរជាតិ មិនមែនវាស់វែងដោយសម្តីអួតអាងនៅលើកម្រាលព្រំក្រហមនៃទីក្រុងញូវយ៉កនោះទេ ប៉ុន្តែវាត្រូវវាស់វែងដោយភាពស្មោះត្រង់ និងការដកកងទ័ពចេញពីទឹកដីខុសច្បាប់នៅលើបន្ទាត់ព្រំដែនជាក់ស្តែង៕

