ភ្នំពេញ៖ ភាពតានតឹង និងរបៀបវារៈដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បានឈានដល់របត់ការទូតដ៏សំខាន់មួយទៀត នៅលើឆាកអន្តរជាតិ។ តាមរយៈជំនួបទ្វេភាគីនាទីក្រុងញូវយ៉ក កម្ពុជាបានផ្ញើសារនយោបាយយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់ទៅកាន់ភាគីថៃ ស្តីពីការប្រកាន់ខ្ជាប់នូវយន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទ ខណៈដែលភាគីថៃហាក់បង្ហាញជំហរងាកមកផ្តោតលើតែការកសាងទំនុកចិត្តទ្វេភាគីជាជំហានៗទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ជំនួបនោះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការអនុវត្តតាមបទបញ្ជាដោយត្រង់ពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានប្រគល់ភារកិច្ចឱ្យក្នុងកិច្ចប្រជុំត្រីភាគី (កម្ពុជា-ថៃ-ហ្វីលីពីន) នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅថ្មីៗនេះ។ នេះបង្ហាញថា បញ្ហាព្រំដែនបានក្លាយជាបញ្ហាបន្ទាន់ ដែលតម្រូវឱ្យរដ្ឋមន្ត្រីការបរទេសទាំងពីរស្វែងរកមាគ៌ាឆ្ពោះទៅមុខ ដើម្បីទប់ស្កាត់កុំឱ្យស្ថានភាពតានតឹងរីករាលដាល។
តាមការកត់សម្គាល់ ចំណុចស្នូលការទូតក្នុងជំនួបនេះ គឺការដែលឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញដោយមិនរុញរា នូវជំហររបស់ភាគីកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមចំណងនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
ការលើកឡើងអំពីយន្តការច្បាប់ UNCLOS ច្បាស់ៗចំៗរបស់ភាគីកម្ពុជានាពេលនេះ បានឆ្លុះបញ្ចាំងថា កម្ពុជាកំពុងប្រើប្រាស់ខែលច្បាប់អន្តរជាតិជាឧបករណ៍ចម្បងតែម្ដង។ កម្ពុជាបានទាមទារឱ្យភាគីថៃអនុវត្ត ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ លើខ្លឹមសារទាំងមូលនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះអាចបកស្រាយបានថា កម្ពុជាចង់បានដំណោះស្រាយមួយដែលមានលក្ខណៈចងកាតព្វកិច្ចច្បាស់លាស់ ជាជាងការចរចាអូសបន្លាយពេល ស៊ីម៉ោងដែលងាយនឹងប្រែប្រួលទៅតាមចរន្តនយោបាយផ្ទៃក្នុងរបស់ថៃ។
ទោះជាយ៉ាងណា កម្ពុជាក៏បានបង្ហាញភាពទន់ភ្លន់ខាងការទូត ដោយបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការកសាងទំនុកចិត្តឡើងវិញ ស្របតាមអ្វីដែលប្រមុខរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងគ្នានៅកោះសេប៊ូ ក្នុងគោលបំណងឈានទៅរក ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង។
ប៉ុន្តែបើពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយខាងភាគីថៃវិញ កាសែត Khaosod បានចុះផ្សាយនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបង្ហាញពីជ្រុងមួយទៀតនៃកិច្ចពិភាក្សារវាងជំនួបមេការទូតនៃប្រទេសទាំងពីរ។ របាយការណ៍របស់ថៃមិនបានរំលេចខ្លាំងអំពីពាក្យយន្តការផ្សះផ្សាដោយបង្ខំនោះទេ ប៉ុន្តែបែរបានសង្កត់ធ្ងន់ថា ភាគីថៃបានផ្តោតលើ ការពិភាក្សាអំពីវិធីកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញបន្តិចម្តងៗ។ ភាគីថៃបានផ្លាស់ប្តូរទស្សនៈលើរបៀបឆ្ពោះទៅមុខ ទាំងបញ្ហាព្រំដែនសមុទ្រ និងដីគោក និងការព្រមព្រៀងពិគ្រោះយោបល់ជាប្រចាំ ផ្អែកលើភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
របាយការណ៍នេះបានឆ្លុះបង្ហាញពីភាពខុសគ្នានៃការសង្កត់ធ្ងន់រវាងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់កម្ពុជា និងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែលសញ្ជាក់ពីតាក់ទិចការទូតខុសគ្នា។ ខណៈកម្ពុជាដេញដោលយ៉ាងខ្លាំងលើ យន្តការច្បាប់ និងកិច្ចព្រមព្រៀងដែលមានស្រាប់ (សេចក្តីប្រកាសរួមចុងឆ្នាំ២០២៥) ភាគីថៃហាក់បីដូចជាចង់ពន្យារពេល ឬកាត់បន្ថយសម្ពាធផ្លូវច្បាប់ ដោយបង្វែរមកជជែកពីការកសាងទំនុកចិត្តជាជំហានៗវិញ។
ការដែលថៃព្យាយាមភ្ជាប់ទាំងបញ្ហាព្រំដែនសមុទ្រ និងដីគោកចូលគ្នាក៏ជាយុទ្ធសាស្ត្រចរចាមួយដ៏ចំណាស់របស់ទីក្រុងបាងកកផងដែរ។ ទោះបីជាមានការខុសគ្នាក្នុងការសង្កត់ធ្ងន់លើចំណុចបច្ចេកទេសខ្លះក៏ដោយ ប៉ុន្តែចំណុចវិជ្ជមានតែមួយគត់ដែលប្រទេសទាំងពីរបានឯកភាពគ្នា គឺ ការប្តេជ្ញាចិត្តរក្សាការទំនាក់ទំនងជិតស្និទ្ធ និងទៀងទាត់។
សូមជម្រាបថា ជំនួបនៅទីក្រុងញូវយ៉កនាពេលនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាបានកំណត់ខ្សែបន្ទាត់ការទូតរបស់ខ្លួនយ៉ាងច្បាស់ ពោលគឺកម្ពុជាចំហទ្វារចរចាដោយមិត្តភាព និងស្មោះត្រង់ ប៉ុន្តែត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ (UNCLOS) និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច។ ដូច្នោះហើយថាតើថៃនឹងព្រមដើរតាមយន្តការផ្សះផ្សាដោយបង្ខំរបស់ UNCLOS ដោយរលូន ឬមួយក៏បន្តប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេលក្រោមរូបភាព កសាងទំនុកចិត្តបន្តិចម្តងៗនោះ ធ្វើជាផ្ទាំងទស្សនីយភាពការទូតដែលត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនៅក្នុងឆ្នាំ២០២៦ នេះបន្តទៀតឬយ៉ាងណា?

