តើកូនខ្មែរចាំទេ? ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់ ១ឆ្នាំពេញល្មម នៃព្រឹត្តិការណ៍ឈ្លានពានដ៏អយុត្តិធម៌ពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រយៈពេល ៣៦៥ ថ្ងៃបានកន្លងហួស ប៉ុន្តែតំណក់ឈាម និងពលិកម្មដ៏ឧត្តុង្គឧត្តមរបស់កងទ័ពការពារព្រំដែនកម្ពុជា នៅតែដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប ដែលមិនអាចបំភ្លេចបានឡើយ។
នៅលើលោកនេះ គ្មានការឈឺចាប់ណាខ្លាំងជាងការត្រូវគេរំលោភបំពានដល់ផ្ទះសម្បែងនោះទេ។ ២៨ ឧសភា ២០២៥ ស្នូរអាវុធដំបូងបានបន្លើឡើងនៅតំបន់មុំបី ហើយតំណក់ឈាមវីរជនខ្មែរក៏បានស្រក់ចុះដល់ដី។ ប្រវត្តិសាស្ត្រត្រូវតែចារឹកទុកថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើលេណដ្ឋានរបស់កងកម្លាំងកម្ពុជា នៅចំណុចភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងដ៏ស្របច្បាប់ និងយូរលង់ណាស់មកហើយរបស់កម្ពុជា។
ការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនោះ បានបណ្តាលឱ្យយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រោន បានពលីជីវិត បូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ។ ទោះបីជាស្ថានការណ៍ប្រឈមមុខដាក់គ្នានាពេលនោះបានស្ងប់ស្ងាត់ទៅវិញ នាពេលបន្តិចក្រោយមកក៏ដោយ ប៉ុន្តែវាគឺជាសញ្ញារោទិ៍ឡើង ហើយស្រែកព្រមានពីការផ្ទុះឡើងនូវភ្លើងសង្គ្រាមនៅព្រំដែនកម្ពុជាជាថ្មីម្ដងទៀត បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈ ១៤ឆ្នាំ។
ជម្លោះមិនបានបញ្ចប់ត្រឹមស្នូរស្រែកយំរបស់ក្រុមគ្រួសារសពវីរយុទ្ធជនខ្មែរនោះឡើយ ប៉ុន្តែវាបានវិវត្តទៅជាជុំបន្ទាប់ៗយ៉ាងសាហាវឃោរឃៅ !
តើកូនខ្មែរទាំងអស់ភ្លេចហើយឬនៅ? ក្រោយភាគីថៃបានប្រកាសបិទច្រកព្រំដែនជាឯកតោភាគីនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ជម្លោះប្រដាប់អាវុធជុំទី១បានកើតឡើង។ ស្នូរកាំភ្លើងបានផ្ទុះឡើងជាទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធាថៃបើកការវាយប្រហារមុនដោយប្រើប្រាស់អាវុធធុនធ្ងន់បាញ់ស្រោចលើដែនអធិបតេយ្យកម្ពុជា បណ្ដាលឱ្យពលរដ្ឋកម្ពុជារាប់លាននាក់ភិតភ័យ ដេកព្រួយ និងរត់ភៀសសឹកទាំងយប់អាធាត្រដើម្បីរកទីកន្លែងមានសុវត្ថិភាព។
ប្រយុទ្ធគ្នាបាន ៤ ថ្ងៃ ទើបមានកិច្ចព្រមព្រៀងសន្តិភាព ដោយគោរពអនុវត្តបទឈប់បាញ់គ្មានលក្ខខណ្ឌ ដែលបានចូលជាធរមានចាប់ ពីម៉ោង១២យប់ពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ប៉ុន្តែ កងកម្លាំងចំនួន ២១នាក់ ត្រូវបានទាហានថៃចាប់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់បាញ់បានចូលជាធរមាន។ ក្នុងចំណោមកងកម្លាំងទាំង២១នាក់នោះ មាន១នាក់បានស្លាប់ ហើយភាគីបានបញ្ជូនសពមកឱ្យកម្ពុជាវិញ នៅថ្ងៃទី៣១ ខែកក្កដា។
បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ប៉ុន្តែភាពផុយស្រួយនៃបទឈប់បាញ់បានបង្កឡើងជាភាពតានតឹងម្ដងទៀតក្រោមថ្វីមាត់ញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពីក្រុមជនជាតិថៃជ្រុលនិយម រហូតបានធ្វើឱ្យជម្លោះរីករាលដាលពាសពេញបណ្តាខេត្តជាប់ព្រំដែន ដោយរាប់ចាប់ពីខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ ដល់ខេត្តបន្ទាយមានជ័យ។ នៅក្នុងសមរភូមិក្ដៅគគុកមួយ នោះ យោធាថៃ កងកម្លាំងនគរបាលថៃ ចាប់ផ្ដើមជំពាមកៅស៊ូ និងគ្រាប់ឃ្លី រហូតឈានដល់ការប្រើកាំភ្លើងធំ បណ្ដាញពលរដ្ឋខ្មែរចេញពីភូមដ្ឋានរបស់ខ្លួន។ រដ្ឋាភិបាលថៃដែលដឹកនាំដោយ អនុទីន ឆានវីរៈកុល បានហែកកិច្ចព្រមព្រៀងសន្តិភាពចោល ប្រៀបដូចជាបោះដៃឱ្យសញ្ញាទៅយោធាថៃថា ជម្លោះជុំទី ២ កើតឡើងហើយ។
ពិតជាមិនខុសមែន ភាពកាចសាហាវរបស់យោធាថៃបានឈានឡើងដល់កម្រិតកំពូល ជម្លោះនៅជុំទី ២ កើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅគ្រានោះយន្តហោះចម្បាំង F-16 របស់ថៃ បានហោះរំលោភបំពានបូរណភាពដែនអាកាស ហើយបើកការវាយប្រហារទម្លាក់គ្រាប់បែកចង្កោម ស្រោចមកលើទឹកដីកម្ពុជាយ៉ាងអនាធិបតេយ្យ។ ទីតាំងភូមិករប្រជាពលរដ្ឋស្លូតត្រង់ យោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ វាយលុកលុយដោយរថក្រោះ និងការប្រើប្រាស់ផ្សែងពុលចូលកម្ទេចដើម្បីវាតទី។
សកម្មភាពទាំងនេះបានបង្កឱ្យមានការបំផ្លិចបំផ្លាញ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់នៅតាមព្រំដែនភៀសខ្លួនរកទីទួលសុវត្ថិភាព។ លុះដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជា-ថៃ បានឯកភាពឱ្យមានបទឈប់បាញ់បន្ទាន់ គិតត្រឹមម៉ោង១២ថ្ងៃត្រង់ នៅក្រោយកិច្ចប្រជុំពិសេស លើកទី៣ នៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ ប៉ុន្តែភាគីថៃ បានដាក់លក្ខខណ្ឌថា នឹងដោះលែងវីរយុទ្ធជនកម្ពុជា១៨រូបវិញ បន្ទាប់ពីត្រូវបានចាប់ខ្លួនរយៈពេល១៥១ ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងមានការអនុវត្តបានពេញលេញ។
ដំបៅឈឺចាប់នៃព្រឹត្តិការណ៍ពេញមួយឆ្នាំ ២០២៥ កន្លងទៅនេះ មិនមែនគ្រាន់តែជាទំព័រព័ត៌មានដែលត្រូវមើលហើយបំភ្លេចចោលនោះទេ ប៉ុន្តែវាជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលជួយដាស់តឿនកូនខ្មែរគ្រប់ជំនាន់ឱ្យដឹងថា សន្តិភាព និងបូរណភាពទឹកដី មិនមែនបានមកដោយសារការសន្យារបស់អ្នកដទៃនោះទេ ប៉ុន្តែវាបានមកដោយសារសាមគ្គីភាពផ្ទៃក្នុង និងភាពរឹងមាំនៃខឿនការពារជាតិរបស់កូនខ្មែរទាំងមូល។
យើងត្រូវរៀន និងដកស្រង់បទពិសោធន៍ដ៏ជូរចត់មួយនេះ ទើបយើងដឹងថា ជម្លោះនិងការឈ្លានពានអាចកើតឡើងគ្រប់ពេល ប្រសិនបើជាតិសាសន៍យើងទន់ជ្រាយ ឬបែកបាក់គ្នា នោះសត្រូវនឹងបន្តឈ្លានពានយើងដោយមិនញញើត។ នៅក្នុងឱកាសវេលាគម្រប់ ១ឆ្នាំនេះ សូមកូនខ្មែរគ្រប់រូបរួមគ្នាចងចាំពីព្រឹត្តិកាណ៍ដ៏ឈប់ចាប់នេះ សូមគោរពរំលឹកដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនខ្មែរគ្រប់រូប ដែលបានពលីនៅលើទឹកដីនៅតាមបន្ទាត់ព្រំដែន ដើម្បីឱ្យយើងគ្រប់គ្នាដែលជាអ្នកនៅជួរក្រោយមានឱកាសរស់នៅដោយសុខសាន្ត។
ចូរកុំភ្លេចឱ្យសោះថា កូនខ្មែរមានមនសិការស្នេហាជាតិ កូនខ្មែរមានការយល់ដឹងពីតម្លៃនៃសន្តិភាព កូនខ្មែរគោរពដឹងគុណវីរៈយុទ្ធជនចំពោះការពលីការលះបង់នៅលើទឹកដីភូមិតេជោមរកត និងសមរភូមិតាមបន្ទាត់ព្រំដែនដទៃទៀត។ ឈាមរបស់វីរយុទ្ធជនខ្មែរគ្រប់រូបមិនបានហូរចោលដោយឥតប្រយោជន៍នោះទេ។ ពេលនេះ មានតែខ្មែររួបរួមទើបខ្មែរខ្លាំង ត្រូវស្រែកប្រាប់ពិភពលោកនេះថា ថៃជាអ្នកឈ្លានពានកម្ពុជា៕

