ក្រសួងកិច្ចការនារី ក្នុងនាមជាស្ថាប័នដឹកនាំ និងសម្របសម្រួល បាននិងកំពុងបន្តកិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តរតនគិរី ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប និងទប់ស្កាត់បញ្ហាអាពាហ៍ពិពាហ៍នៅវ័យក្មេង ព្រមទាំងការមានផ្ទៃពោះនៅវ័យជំទង់នៅក្នុងខេត្ត។ នេះបើយោងតាមការបង្ហោះផ្សព្វផ្សាយដោយផេកផ្លូវការរបស់ក្រសួងកិច្ចការនារីកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ក្រសួងបានគូសបញ្ជាក់ថា ផ្អែកលើសមិទ្ធផល និងបទពិសោធន៍កន្លងមក ក្រសួងកិច្ចការនារី បច្ចុប្បន្នកំពុងដឹកនាំរៀបចំ «ផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ឆ្នាំ២០២៦-២០៣០»។ ផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំនេះ ទទួលបានការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តរតនគិរី នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បញ្ហាប្រឈមទាំងនេះ ដើម្បីធានាថាគ្រប់ទារក កុមារី និងយុវវ័យទាំងអស់ ទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ និងលូតលាស់ដោយសុវត្ថិភាព៕

