ព្រះវិហារ៖ រដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើរវៀង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥ៈ៤០នាទីព្រឹក បានឃាត់ចាប់រថយន្តចំនួន១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-3077 ដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅលើផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤១ ស្ថិតក្នុងភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។



វត្ថុចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-3077 ឈើអារប្រភេទលេខ១ (ផ្ចឹក) ឈើអារប្រភេទលេខ២ (ឈើទាល និងផ្តៀក) និងកូនឈើមូលចំនួន៩៤ដើម។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ដែលកម្លាំងសម្ថតិកិច្ចដកហូតបាន យកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ចតុម្មុខ

