ភ្នំពេញ ៖ និស្សិតស្រីឆ្នាំទី៣ម្នាក់ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីសុំបែកពីសង្សារ ខាងប្រុសប្រើល្បិចសុំជួបមុខជាលើកចុងក្រោយ ផ្ទុយទៅវិញ ប្រើអំពើហិង្សា កាប់បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅបន្ទប់ជួលលេខ៤១បេ ជាន់ទី១ តាមផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នារីរងគ្រោះ ជានិស្សិតឆ្នាំទី៣ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។ ចំណែកជនសង្ស័យ ត្រូវជាសង្សារក៏ជានិស្សិតដូចគ្នា បានរត់គេចខ្លួនបាត់ ។ប្រភពបន្តទៀតថា មុនកើតហេតុ អ្នកទាំង២ ជាសង្សារនឹងគ្នា តែលើកចុងក្រោយនេះ ភាគីខាងស្រី សុំបែកផ្តាច់ចំណងស្នេហា ដោយយល់គិតថា ផ្តោតលើការសិក្សាធំជាងវិញម្តង រឿងសង្សារ ស្នេហា ចាំពេលក្រោយទៀត ។

ក្រោយពីសុំបែកគ្នាមិនបានប៉ុន្មានថ្ងៃផង ភាគីខាងប្រុស ជាជនសង្ស័យ ប្រើល្បិចលួងលោម សុំជួបមុខជាលើកចុងក្រោយ មុនអស់និស្ស័យស្នេហ៍នឹងគ្នា ស្រាប់តែនៅវេលាយប់ថ្ងៃកើតហេតុ ទៅតាមអ្វីដែលភាគីខាងប្រុសស្នើសុំ ជាការជួបលើកចុងក្រោយ ផ្ទុយទៅវិញហួសពីការស្មាន គ្រាន់តែបើកទ្វារឱ្យចូល ស្រាប់តែជនសង្ស័យ ប្រដាប់ដោយកាំបិត កាប់បណ្តាលឱ្យនាងរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួន ហើយជនសង្ស័យទាញទ្វារបិទកឹបសោពីក្រោយរួចគេចខ្លួនបាត់ស្រោល ។

ប្រភពពីអ្នកជិតខាងបានឱ្យដឹងថា ឮសូរសម្លេងដែរ តែស្មានគេប្រលែងគ្នា រហូតដល់ស្នូរជើងរត់ចេញ លុះទៅរកមើល ឃើញទ្វារបន្ទប់បិទជិត ឮសូរតែសម្លេងស្រែកថ្ងូរ សង្ស័យស្រែកហៅអ្នកជិតខាង នាំគ្នាផ្អើលគាស់បើកទ្វារបន្ទប់ ជនរងគ្រោះលូនចេញក្រៅ ទាំងខ្លួនរងរបួស ។នារីរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយននតដង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ករណីហឹង្សាចាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចុះពិនិត្យសាកសួរជុំវិញអង្គហេតុ និងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនបង្ក ដែលជាសង្សារ ៕

Share.