លោក អានុទិន ឆានវីរ៉ាកុល នាយករដ្ឋមន្ត្រីថៃ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងរងការរិះគន់យ៉ាងចាស់ដៃពីមជ្ឈដ្ឋានអន្តរជាតិ បន្ទាប់ពីលោកបានចេញមុខប្រកាសដោយឯកតោភាគី បដិសេធទាំងស្រុងនូវខ្នាតផែនទីសម័យអាណានិគមបារាំង ១:២០០,០០០ ដែលជាឯកសារគតិយុត្តប្រវត្តិសាស្ត្រដ៏សំខាន់ក្នុងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ។ ការថ្លែងបែបបំពាន និងខ្វះការទទួលខុសត្រូវនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងបំភ្លៃប្រវត្តិសាស្ត្រ និងរំលោភលើច្បាប់អន្តរជាតិ ដើម្បីតែមហិច្ឆតាវាតទីឈ្លានពានទឹកដីខ្មែរពីសំំណាក់កងទ័ពរបស់ខ្លួន ។

នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក អានុទិន បានប្រើប្រាស់ភាសាចរិតក្រអឺតក្រទម ដោយលើកឡើងថា ខ្នាតផែនទី ១:២០០,០០០ ដែលកម្ពុជាប្រើប្រាស់ជាមូលដ្ឋានច្បាប់នោះ «ហួសសម័យ ឬ មិនមានអត្ថិភាព» សម្រាប់រដ្ឋាភិបាលទីក្រុងបាងកកទៀតឡើយ។ លោកថែមទាំងនិយាយឌឺដងថា ប្រសិនបើនរណាចង់បង្ខំឱ្យប្រើខ្នាតនោះ គឺ កំពុងមើលចំប្រទេសផ្សេងហើយ។ ជំនួសមកវិញ ថៃបានព្យាយាមបង្ខំឱ្យគេទទួលស្គាល់ប្រព័ន្ធបច្ចេកទេស និងផែនទីខ្នាត ១:៥០,០០០ របស់ខ្លួន ដែលធ្វើឡើងដោយឯកតោភាគី និងគ្មានការព្រមព្រៀងពីប្រទេសជិតខាងឡើយ។

ក្រោយពេលកម្ពុជាបានប្ដឹងទៅ UNESCO អំពីផលប៉ះពាល់ និងការខូចខាតរចនាសម្ព័ន្ធនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក គឺ ប្រាសាទព្រះវិហារ ដែលបង្កឡើងដោយសកម្មភាពយោធា ឬការឈ្លានពានរបស់ថៃ លោក អានុទិន បែរជាបានព្រមានទៅ UNESCO ឱ្យរក្សា «អព្យាក្រឹតភាព» និងកុំទាន់ចេញរបាយការណ៍ណាមួយ បើគ្មានការយល់ព្រមពីថៃ។

ការណ៍ដែលនាយកណ្ដុរ អានុទិន ប្រើសម្ដីក្អេងក្អាង យកច្បាប់អន្តរជាតិមកជាន់នឹងជើង ដោយប្រើភាសាបញ្ជា និងគំរាមកំហែងស្ថាប័នវប្បធម៌ពិភពលោក (UNESCO) បែបនេះ វាបានបង្ហាញឱ្យឃើញថាប្រទេសថៃកំពុងតែចង់ផ្ដាច់ខ្លួនឯកោ និងដើរចេញពីគ្រប់កិច្ចសហប្រតិបត្តិការនានា។

អ្នកវិភាគបានលើកឡើងថា នេះជាយុទ្ធសាស្ត្រ «ចោរស្រែកចាប់ចោរ» របស់ភាគីថៃ ដែលព្យាយាមទប់ស្កាត់ការលាតត្រដាងការពិតពីសំណាក់អ្នកស៊ើបអង្កេតអន្តរជាតិ និងព្យាយាមអូសបន្លាយពេល ដោយការដេញជើងឱ្យមានការចុះពិនិត្យរួមគ្នា ក្នុងចេតនាបង្វែរដានពីទង្វើខុសច្បាប់របស់ខ្លួននៅតាមព្រំដែន។

មែនទែនទៅ ការប្រកាសផ្លាស់ប្ដូរយុទ្ធសាស្រ្តការទូតមកជាអ្វីដែល លោក អានុទិន ហៅថា «ការទូតផ្ដោតលើលទ្ធផល» (Results-Oriented Diplomacy) និងការគំរាមកាត់ផ្ដាច់កិច្ចប្រជុំដែលគ្មានផលចំណេញនោះ តាមពិតទៅគ្រាន់តែជាលេស ដើម្បីបដិសេធការចរចាដោយសន្តិវិធី និងសហប្រតិបត្តិការស្មើភាពគ្នាប៉ុណ្ណោះ។

ស្មារតីចរចាដែលផ្អែកលើ «ការគោរពគ្នាទៅវិញទៅមក» ដែលលោក អានុទិន បានលើកឡើងនោះ ហាក់បីដូចជាផ្ទុយស្រឡះពីសកម្មភាពជាក់ស្ដែងរបស់លោក ដែលកំពុងដើរជាន់ឈ្លីលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ និងយន្តការច្បាប់អន្តរជាតិ។ ជំហររឹងត្អឹង និងការមើលស្រាលលើឯកសារគតិយុត្តអន្តរជាតិពីរដ្ឋាភិបាលទីក្រុងបាងកក ក្រោមការដឹកនាំរបស់លោក អានុទិន កំពុងតែរុញច្រានទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២ ឱ្យធ្លាក់ចូលទៅក្នុងភាពតានតឹងជាថ្មីម្តងទៀត និងបង្ហាញយ៉ាងច្បាស់ថា ថៃមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងតម្លាភាពនោះឡើយ ប៉ុន្តែថៃគ្រាន់តែប្រើយុទ្ធសាស្ត្របន្លាយខ្សែសន្ទូច ទិញពេលវេលាឱ្យវែងដើម្បីរកយុទ្ធសាស្ត្រនិងវិធីសាស្ត្រថ្មីៗដើម្បីធ្វើយ៉ាងណាដោះខ្លួនពីការទទួលខុសត្រូវនានាដែល កងទ័ពថៃបានបំពានដោយខុសច្បាប់មកលើប្រទេសកម្ពុជាតែប៉ុណ្ណោះ៕

ប្រភព៖ The Nation

Share.