ខេត្តកែប៖ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកែប បានបន្តចុះយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដោយបានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករ មិនត្រូវយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរឡើយ ដើម្បីរួមគ្នាបញ្ចៀសការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍មួយនេះ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោកវរសេនីយ៍ឯក ងិន ចិន្តា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដោយបានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយអាជ្ញាធរក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ផ្ទាល់នៅទីតាំងតំបន់រមណីយដ្ឋានទេសចរណ៍ផ្សារក្តាម។

យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមបញ្ជាខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្តកែប ក៏ដូចជាប្រសាសន៍ណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។

ក្នុងឱកាសចុះអនុវត្តការងារនោះ កម្លាំងសមត្ថកិច្ចបានជួបណែនាំ និងធ្វើការអប់រំដល់បងប្អូនអាជីវករទាំងអស់ ឱ្យបង្កើនការគិតគូរខ្ពស់ក្នុងការរៀបចំដាក់លក់ទំនិញឱ្យមានរបៀបរៀបរយ មិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ។ ការចូលរួមសហការពីអាជីវករ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសុវត្ថិភាពដល់អ្នកធ្វើដំណើរទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនភាពគាប់ចិត្តដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តកែបផងដែរ៕

