ខេត្តស្វាយរៀង៖ យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញមួយកន្លែង ស្ថិតក្នុងស្រុកស្វាយជ្រំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន ៤នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

ក្នុងកិច្ចបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក សោម សោភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ដែលដឹកនាំដោយលោក ហេង សុគុន្ធធាវ័ន្ត អភិបាលរងស្រុក និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដោយមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

គោលដៅដែលកម្លាំងចម្រុះចុះស្រាវជ្រាវ និងបង្ក្រាបនោះ គឺស្ថិតនៅចំណុចផ្ទះរបស់លំនៅឋានមួយកន្លែង ដែលជារបស់ឈ្មោះ មាន់ សាវរី ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ។ ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៤នាក់ (ស្រី ២នាក់) ក្នុងនោះរួមមាន៖ ជនជាតិចិន ប្រុសចំនួន ១នាក់ និង ជនជាតិខ្មែរ ចំនួន ៣នាក់ (ស្រី ២នាក់)។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាងដែលបម្រើឱ្យសកម្មភាពបទល្មើសរួមមាន៖ កុំព្យូទ័រលើតុប្រភេទ All-In-One, ឧបករណ៍ចាប់សញ្ញា Wifi, ទូរស័ព្ទដៃ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី។ ដោយឡែក ទីតាំងផ្ទះដែលប្រព្រឹត្តបទល្មើសខាងលើ ត្រូវបានក្រុមការងារសម្រេចបិទច្រកចេញ-ចូល ជាបណ្ដោះអាសន្នហើយ៕

Share.