ទោះបីជាសហរដ្ឋអាមេរិកខំប្រឹងបង្កើត “ជញ្ជាំងបន្ទះឈីប” ដើម្បីរារាំងមិនឱ្យចិនចូលប្រើប្រាស់បច្ចេកវិទ្យា AI កម្រិតខ្ពស់របស់ Nvidia យ៉ាងណាក៏ដោយ ក៏ចន្លោះប្រហោងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅតែបន្តមាន។

ថ្មីៗនេះ រដ្ឋអាជ្ញា​កោះ​តៃវ៉ាន់បានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ពីបទបន្លំឯកសារនាំចេញម៉ាស៊ីនមេ (Server) របស់ក្រុមហ៊ុន Super Micro Computer ដែលបំពាក់បន្ទះឈីប AI កម្រិតខ្ពស់របស់ Nvidia (ដែលអាមេរិកហាមលក់ឱ្យចិន)។ ក្រុមនេះបានប្រើប្រាស់ “ប្រទេសជប៉ុន” ធ្វើជាចំណុចឆ្លងកាត់ទំនិញ មុននឹងបញ្ជូនបន្តទៅកាន់​កោះហុងកុង ដើម្បីនាំចូលទៅចិនដីគោក។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចដកហូតបានម៉ាស៊ីនមេចំនួន ៥០ គ្រឿង ប៉ុន្តែមានយ៉ាងហោចណាស់ទំនិញមួយឡូតិ៍បានលបលួចឆ្លងកាត់គយតៃវ៉ាន់ទៅដោយជោគជ័យបាត់ទៅហើយ។

ប្រសិនបើរកឃើញថាជាការពិត នេះនឹងក្លាយជាលើកដំបូងបង្អស់ដែលបណ្តាញរត់ពន្ធឈីប AI ត្រូវបានរកឃើញថាបានប្រើប្រាស់ផ្លូវកាត់តាម “ជប៉ុន” ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដ៏សំខាន់របស់អាមេរិក ជំនួសឱ្យបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចកាលពីមុនៗ។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Nvidia និង Super Micro មិនត្រូវបានចោទប្រកាន់ថាមានការដឹងឮ ឬពាក់ព័ន្ធក្នុងរឿងក្តីនេះឡើយ។ លោក Jensen Huang (CEO របស់ Nvidia) បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនតែងតែរឹតបន្តឹងដៃគូឱ្យគោរពច្បាប់ ហើយសង្ឃឹមថា Super Micro នឹងបង្កើនការត្រួតពិនិត្យផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ជាងនេះ។

ហេតុការណ៍នេះបានបង្ហាញឱ្យឃើញច្បាស់ក្នុងសង្គ្រាមបច្ចេកវិទ្យាថា៖ ដរាបណាគោលដៅរបស់អាមេរិកគឺដើម្បីទប់ស្កាត់ AI មិនឱ្យចិនយកទៅប្រើប្រាស់ក្នុងវិស័យយោធា ប៉ុន្តែតម្រូវការទីផ្សារនៅតែខ្ពស់មហាសាល នោះបណ្តាញរត់ពន្ធថ្មីៗនឹងនៅតែបន្តកើតមានឡើងជានិច្ច៕

Share.