ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងដែលជាលទ្ធផលនៃការបំពេញទស្សនកិច្ច នាចុងខែមេសា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន រហូតឈានដល់ការបង្កើតបានជាសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការវិស័យកសិកម្មកម្ពុជា-ចិន” រវាងក្រសួងកសិកម្ម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រ ហើយ MoU នេះនឹងត្រូវចុះហត្ថលេខានាពេលខាងមុខ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីអញ្ជើញជួបពិភាក្សាការងារ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Qiu Wenxu អនុប្រធាននាយកប្រតិបត្តិបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម គី ច័ន្ទរំដួល បានស្នើឱ្យភាគីចិន បន្ទាប់ពីបានចុះហត្ថលេខាលើ MoU នេះរួច សូមឱ្យបង្កើតជាគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជួយកៀរគរអ្នកវិនិយោគចិនបន្ថែមទៀតមកវិនិយោគនៅកម្ពុជាលើការកែច្នៃកសិផល ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ឃ្លាំងសម្ងួត ឃ្លាំងស្តុកផលិតផលត្រជាក់ ការវិនិយោគលើកំពង់ផែសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្របសម្រួលការនាំចេញផលិតផលកសិកម្ម។
ជាមួយគ្នានេះ ភាគីចិនបានគោរពថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងក្រុមការងារវិនិយោគរបស់លោកបានចូលជួបពិភាក្សាការងារវិនិយោគជាមួយឯកឧត្តម គី ច័ន្ទរំដួល និងសហការី ដើម្បីបន្តការពិភាក្សាលើ MoU និងសូមទទួលយកសំណើរបស់ឯកឧត្តមអនុរដ្ឋលេខាធិការ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយលើកទឹកចិត្តពិសេស របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនចិនឱ្យមកធ្វើការវិនិយោគឱ្យបានច្រើននៅកម្ពុជា៕


