កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ចាម បានថ្លែងថា អតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ដែលប្រជាជនខ្មែរគ្រប់រូបត្រូវចងចាំជានិច្ច។




ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦ នៅសាលាស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអតីតយុទ្ធជនជាង២០០នាក់។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជន បានលះបង់កម្លាំងកាយ ចិត្ត និងអាយុជីវិត ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី រួមចំណែកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃ។






ឯកឧត្តម ក៏បានរំលឹកពីជ័យជម្នះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រហូតបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕





