កំពង់ធំ៖ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានអំពាវនាវដល់អាជ្ញាធរឃុំទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជំនួសផ្លូវក្រាលក្រួសក្រហម ដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់គម្រោងមូលនិធិឃុំ សាងសង់ផ្លូវក្រួសក្រហម និងប្រព័ន្ធលូ នៅឃុំចំណាក្រោម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

លោក សាយ គឹមឡម ក៏បានជំរុញដល់រដ្ឋបាលឃុំ ត្រូវយកចិត្តទុកដាក់លើគុណភាពការងារ ប្រសិទ្ធភាពសេវាសាធារណៈ និងការប្រើប្រាស់ថវិកាឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងរៀបចំបរិស្ថានការងារ និងបរិវេណសាលាឃុំឱ្យបានស្អាតផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកស្ទោង បានកោតសរសើររដ្ឋបាលឃុំចំណាក្រោម ដែលបានពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនទទួលសាងសង់ ត្រូវអនុវត្តការងារតាមបទដ្ឋានបច្ចេកទេស ធានាគុណភាព និងបញ្ចប់ការសាងសង់ឱ្យបានទាន់ពេលវេលា។

គម្រោងសាងសង់ផ្លូវនេះ មានប្រវែង៦៥០ម៉ែត្រ ទទឹង៦ម៉ែត្រ រួមទាំងការសាងសង់ប្រព័ន្ធលូ និងស្លាកគម្រោង ដោយប្រើប្រាស់ថវិកាប៉ាន់ស្មានជាង ១៥៥លានរៀល៕

អត្ថបទ៖​កំពង់ធំ

Share.