ស្មារតីស្នេហាជាតិ និងសាមគ្គីភាពដ៏មុតមាំរបស់ប្រជាជាតិខ្មែរ នឹងត្រូវបង្ហាញឡើងយ៉ាងកងរំពង ក្នុងមហាព្រឹត្តិការណ៍នៃយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ០៥:៤០ នាទីល្ងាចថ្ងៃទី២៨ ខែឧសភា នេះតទៅ។

ក្រោមពាក្យស្លោកដ៏មានអត្ថន័យជ្រាលជ្រៅ «ខ្មែរតាំងចិត្ត ខ្មែរធ្វើបាន» ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការជួបជុំធម្មតានោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មុតមាំក្នុងការដាស់ស្មារតីប្រជាជាតិខ្មែរឱ្យភ្ញាក់រលឹក រួបរួមគ្នាដោយក្តីស្រឡាញ់ មោទនភាពជាតិ និងការទទួលខុសត្រូវខ្ពស់ចំពោះមាតុភូមិ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា ប្រជាជាតិខ្មែរមានសមត្ថភាព មានឆន្ទៈ និងអាចជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង។

យុទ្ធនាការ «ដាស់ស្មារតីជាតិ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ និងការអប់រំស្មារតីសំខាន់ៗរួមមាន៖

១- ផ្ដោតលើការចងចាំមេរៀនដ៏ឈឺចាប់នៃឆ្នាំ២០២៥ ដោយប្រែក្លាយការឈឺចាប់ទាំងនោះឱ្យទៅជាកម្លាំងចិត្ត និងជាមេរៀនដាស់តឿនស្មារតី ដើម្បីពង្រឹងភាពរឹងមាំរបស់ជាតិ សមត្ថភាពបុគ្គល ព្រមទាំងស្ថាប័ន ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

២- បង្វែរការឈឺចាប់មិនឱ្យក្លាយជាការបង្ហោះគំនុំគុំកួន ការសងសឹក ឬទស្សនៈជ្រុលនិយមចង្អៀតចង្អល់ឡើយ ប៉ុន្តែត្រូវរៀនសូត្រពីវាដោយចិត្តទូលាយ។

៣- បង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈលំបាកណាក៏ដោយ កម្ពុជានៅតែតស៊ូជម្នះរាល់បញ្ហាជាមួយស្មារតីរួបរួម និងជួយគ្នាក្នុងគ្រាក្រ។

៤- បង្កើតជាវេទិកាជំរុញចលនាផ្សារភ្ជាប់ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងបន្តសកម្មភាពវិជ្ជមានតទៅមុខ។

៥- ពង្រឹងស្មារតីប្រជាពលរដ្ឋឱ្យបានរួចរាល់ ក្នុងការប្រឈមមុខ និងទប់ទល់រាល់ការគម្រាមគំហែង ឬហានិភ័យនានាដែលអាចកើតមានឡើងនាថ្ងៃអនាគត។

ដើម្បីឱ្យយុទ្ធនាការនេះជោគជ័យ និងមានឥទ្ធិពលខ្លាំងក្លា សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់ ចូលរួមឱ្យបានកុះករដោយស្មារតីស្នេហាជាតិខ្ពស់។ ការចូលរួមរបស់បងប្អូនម្នាក់ៗ គឺជាកម្លាំងចលករដ៏មានតម្លៃសម្រាប់ជាតិ និងជាសារដ៏មានទម្ងន់មួយទៅកាន់ពិភពលោកថា «ប្រជាជាតិខ្មែរនៅតែរួបរួមគ្នាដោយបេះដូងតែមួយ ហើយគ្មានអ្វីដែលខ្មែរមិនអាចធ្វើបានឡើយ»

សូមកុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍមាតុភូមិយើងឱ្យកាន់តែរឹងមាំខ្លាំងក្លា!

Share.