ត្បិតថាប្រទេសថៃ មិនដែលចេញមកទទួលស្គាល់ដោយចំហរចំពោះការធ្លាក់ចុះចំណូលឬផលប៉ះពាល់សេដ្ឋកិច្ចដោយសារតែការបិទច្រកព្រំដែន ដោយឯកតោភាគី ប៉ុន្តែបើមើលតាមរបាយការណ៍និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ក្រុមហ៊ុនធំៗដែលធ្លាប់តែកើបលុយលានៗដុល្លារពីប្រទេសខ្មែរ នាំគ្នាបញ្ចេញរបាយការណ៍ថ្មីចុងក្រោយបង្ហាញពីឱនភាពចំណូលដែលដាំក្បាលចុះ ដោយសារតែស្មារតីរួមសហការគ្នាពហិការមិនប្រើប្រាស់ទំនិញនិងផលិតផលរបស់ថៃ។
ក្នុងនោះក្រុមហ៊ុនធំ និងឈានមុខ២ របស់ថៃ មានក្រុមហ៊ុន PTT Oil and Retail Business ហៅកាត់ថា OR ដែលមានប្រេន PTT, Amazon, ជាដើមនោះ បានធ្លាក់ចុះយ៉ាងគំហុគនៅកម្ពុជា រហូតពួកគេចេញមកប្រកាសថាពួកគេកំពុងតែសម្លឹងរកមើលទីផ្សារផ្សេងក្រៅពីកម្ពុជា បន្ទាប់ពីពលរដ្ឋខ្មែរធ្វើពហិការប្រេងឥន្ធនៈរបស់ខ្លួនយ៉ាងខ្លាំងក្លា ដែលជំរុញឲ្យស្ថានីយ៍លក់រាយជាច្រើនបិទទ្វារ និងបង្វែទិសដៅទៅរកក្រុមហ៊ុនប្រេងឥន្ធនៈផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post បានចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។
កាសែតថៃដដែលនេះក៏បានបញ្ជាក់ដែរថាការលក់ បានថយចុះពី ៥០ភាគរយ ទៅ៦០រយភាគរយ ហើយចំនួនស្ថានីយ៍លក់រាយជិតកណ្ដាលរបស់ពួកគេនៅកម្ពុជា ត្រូវបិទទ្វា ដោយសារតែភាពតានតឹងនយោបាយរវាងប្រទេសជិតខាងគ្នាទាំងពីរ។
ការធ្លាក់ចុះយ៉ាងគំហុគរបស់ក្រុមហ៊ុនខាងលើនេះ បន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥។ ពលរដ្ឋកម្ពុជា បានធ្វើពហិការប្រើប្រាស់រាល់ទំនិញថៃ ហើយស្ថានីយ៍ប្រេងឥន្ធនៈយ៉ាងហោចណាស់ ៤០ ទៅ៥០ បានប្តូរពីក្រុមហ៊ុន PTT ទៅរួមជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ Peace វិញ។ ហើយស្ថានីយ៍លក់រាយមួយចំនួនតូចទៀតបានប្តូរទៅម៉ាកយីហោរបស់ក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិចរបស់អាមេរិក និងក្រុមហ៊ុនតូតាល់ របស់បារាំង។

មុនពេលមានទំនាស់ព្រំដែនខ្មែរ-ថៃ ក្រុមហ៊ុនប្រេង PTT មានស្ថានីយ៍ប្រេងឥន្ធនៈប្រហែល ២០០ និងហាងកាហ្វេ Amazon ចំនួន ១៥០កន្លែង នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ មានតែស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៩១ និងហាងកាហ្វេចំនួន ១៣៦ ប៉ុណ្ណោះ។
ដោយឡែកក្រុមហ៊ុន Thai President Foods មហាជន (Public Company Limited) ដែលជាក្រុមហ៊ុនមេផលិតមីម៉ាម៉ា ក៏បានចេញមកប្រកាសពីលទ្ធផលការងារក្នុងត្រីមាសទី១ នៅក្នុងឆ្នាំ២០២៦នេះ ថាការលក់ និងប្រាក់ចំណេញរបស់ពួកគេមានការថយចុះ។

ក្រុមហ៊ុននេះបានទម្លាយថាអត្រាការលក់ផលិតផល មីកញ្ចប់ និងអាហារកញ្ចប់ ទាំងទីផ្សារក្នុងប្រទេសនិងបរទេសបានធ្លាក់ចុះ ១០.២១% ដោយផលប៉ះពាល់ជារួម គឺបណ្ដាលមកពីបញ្ហាព្រំដែនរវាងខ្មែរ និងថៃ ដែលនៅតែអូសបន្លាយពេល បណ្ដាលឱ្យការលក់នៅព្រំដែន និងការនាំចេញមកកាន់ប្រទេសកម្ពុជាមានការកាត់បន្ថយ។
កម្លាំងពហិការមិនត្រឹមតែធ្វើឱ្យមីកញ្ចប់និងអាហារកញ្ចប់របស់ថៃធ្លាក់ចុះនោះទេ ប៉ុន្តែផលិតផលផ្សេងៗរបស់ក្រុមហ៊ុនដូចជា៖ ការលក់នំស្រួយ ធ្លាក់ចុះ ១៩.៥២% ទឹកផ្លែឈើធ្លាក់ចុះ ៦៩.៥៣% ខណៈដែលក្រុមផលិតផលវេចខ្ចប់ និងនំប៉័ង មានការរីកចម្រើនបន្តិចបន្តួច គឺ ៥.៩៦% និង ០.៥៣% រៀងគ្នា។
ជាការពិតណាស់ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះគឺមានរយៈពេល១ឆ្នាំពេញហើយ នៃទំនាស់ព្រំដែនកម្ពុជាថៃ ទោះជារដ្ឋាភិបាលថៃ មិនដែលហ៊ានចេញមុខទទួលស្គាល់ជាចំហរចំពោះផលប៉ះពាល់សេដ្ឋកិច្ចពីការបិទច្រកព្រំដែនដោយឯកតោភាគីនេះក៏ដោយ ប៉ុន្តែរបាយការណ៍ហិរញ្ញវត្ថុផ្លូវការរបស់ក្រុមហ៊ុនថៃធំៗដូចបានលើកឡើងពីខាងលើនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន ពីផលប៉ះពាល់ដែលប្រទេសថៃកំពុងតែប្រឈម។ ជម្លោះព្រំដែនដែលអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំមុន បានផ្លាស់ប្ដូរពីការខាតបង់តាមព្រំដែនធម្មតា ទៅជាវិបត្តិខូចខាតជំនួញខ្នាតធំរបស់ថៃនៅកម្ពុជា ដែលផ្ដើមចេញពីកម្លាំងសាមគ្គីពហិការបស់ពលរដ្ឋខ្មែរ៕

