កណ្ដាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរស ២នាក់រងរបួស ក្នុងនោះម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៨:១០នាទី ព្រឹក។ ហេតុការណ៍នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៥-២៦ ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល។

តាមការបញ្ជាក់ពីសមត្ថកិច្ច រថយន្តម៉ាក Toyota Tacoma ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-1739 បើកបរដោយបុរសជនជាតិចិនម្នាក់ អាយុ ៣៨ឆ្នាំ បានបើកបរពីទិសភ្នំពេញ ទៅកំពង់ស្ពឺ ហើយបានបត់ឆ្វេងឆ្លងផ្លូវ។ ខណៈនោះ មានម៉ូតូម៉ាក Honda Wave C110 មួយគ្រឿង បើកបរមកពីទិសផ្ទុយគ្នា បានបុកចំពីមុខចំហៀងខាងស្ដាំរថយន្តយ៉ាងពេញទំហឹង។

គ្រោះថ្នាក់នេះ បណ្ដាលឲ្យអ្នកបើកម៉ូតូអាយុ ១៩ឆ្នាំ រងរបួសធ្ងន់ (បាក់ជើងឆ្វេង និងកដៃឆ្វេង) ខណៈអ្នករួមដំណើរអាយុ ២០ឆ្នាំ រងរបួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្តបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន និងមិនមានប័ណ្ណបើកបរ ខណៈអ្នកបើកម៉ូតូបើកល្បឿនលឿននៅចំណុចផ្លូវប្រសព្វ។

បច្ចុប្បន្ន មធ្យោបាយទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.