រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជា្ជជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបាន យល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ជីវត (TVET)» ក្នុងការជំរុញការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

នៅឆ្នាំ២០២៦នេះ ទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក អាទិភាពគន្លឹះទី១ គឺ មនុស្ស ដោយបានផ្ដោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយ គុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាន នូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ដើម្បីឱ្យការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖




