ជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និង ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មិនត្រឹមតែជាការបង្ហាញពីភាពជិតស្និទ្ធនៃទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាជាការគូសបញ្ជាក់ពីរបៀបវារៈនយោបាយ និងសន្តិសុខដ៏មានសារៈសំខាន់ ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងខ្លាំងក្លា។

នៅពេលដែលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ក្រោមការអញ្ជើញរបស់ចិន នោះបានបង្ហាញថា ទាំងភ្នំពេញ និងប៉េកាំង សុទ្ធតែផ្តល់តម្លៃខ្ពស់ដល់ «ធម្មនុញ្ញ អ.ស.ប.» និង «ប្រព័ន្ធអន្តរជាតិផ្តោតលើ អ.ស.ប.» ដែលនេះជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងនិន្នាការឯកតោភាគីនិយម និងការបង្កើតបក្សពួកនិយមនៅលើពិភពលោក។ មួយទៀតសោត កម្ពុជាបានប្រើប្រាស់វេទិកានេះដើម្បីបញ្ជាក់ជាថ្មីនូវជំហរដាច់ខាតរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី។

យ៉ាងណាមិញ ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតផ្នែកសន្តិសុខក្នុងជំនួបនេះ គឺជាការឯកភាពគ្នាក្នុងការដំឡើងកម្រិតយន្តការជួបប្រជុំពី «២+២» ឱ្យទៅជា «៣+៣»។ ការពង្រីកសមាសភាពនេះ បានបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លែងត្រឹមតែស្ថិតក្នុងក្របខ័ណ្ឌការទូត និងយោធាបែបប្រពៃណីទៀតហើយ ប៉ុន្តែវាអាចនឹងបញ្ជ្រាបចូលស៊ីជម្រៅដល់វិស័យ សន្តិសុខផ្ទៃក្នុង និងសន្តិសុខជាតិ ឬ សេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដែលនេះជាជំហានដ៏រឹងមាំមួយក្នុងការការពារស្ថិរភាពនយោបាយ និងទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅ។

ជាងនេះទៅទៀត នៅដែលកម្ពុជាថ្លែងអំណរគុណចិនក្នុងការជួយសម្រុះសម្រួលទំនាស់ព្រំដែនកម្ពុជា-ថៃ នោះបានស្តែងឱ្យឃើញថា ចិនកំពុងដើរតួនាទីជាអ្នកកសាងសន្តិភាព និងស្ថិរភាព យ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។
ការប្តេជ្ញារបស់ចិនក្នុងការផ្គត់ផ្គង់ ប្រេង ឧស្ម័ន និងជីកសិកម្ម ក្នុងខណៈពេលកម្ពុជាជួបការលំបាក គឺជាការទូតជាក់ស្តែងនិយម។ វាមិនត្រឹមតែជួយទប់ទល់នឹងវិបត្តិសន្តិសុខថាមពល និងស្បៀងអាហាររបស់កម្ពុដំណាក់កាលនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានរបស់កម្ពុជាផងដែរ។

គួរដឹងថា ការយកចិត្តទុកដាក់លើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី គឺជាគ្រឹះខាងស្មារតី និងជាSoft Powerមួយដ៏មានឥទ្ធិពលក្នុងទំនាក់ទំនងទ្វេភាគី។ បន្ថែមលើនេះ គម្រោងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសចិននាពេលខាងមុខ នឹងក្លាយជាកាតាលីករក្នុងការរុញច្រានទំនាក់ទំនងមិត្តភាពដែកថែបនេះឱ្យកាន់តែឡើងដល់កំពូលថ្មីមួយទៀត។

សូមជម្រាបថា ជំនួបការទូតរវាង ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម វ៉ាង យី នៅពាក់កណ្តាលឆ្នាំ២០២៦ នេះ មិនមែនជាជំនួបតាមទម្លាប់ធម្មតានោះឡើយ ប៉ុន្តែជាការបោះជំហានទៅមុខប្រកបដោយយុទ្ធសាស្ត្រវែងឆ្ងាយ ដែលបង្ហាញថា កម្ពុជា និងចិន កំពុងកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់ ទាំងលើទិដ្ឋភាពសន្តិសុខជាតិ ស្ថិរភាពតំបន់ និងការតម្រង់ទិសដៅនយោបាយសកលលោក។ សម្រាប់កម្ពុជា ភាពជាដៃគូនេះគឺជាខ្នងបង្អែកដ៏រឹងមាំទាំងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ចំណែកឯសម្រាប់ចិន កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Share.