សៀមរាប៖ ត្រីងាប់ច្រើនជាបន្តបន្ទាប់ អណ្តែតពេញផ្ទៃទឹក នៅក្នុងបឹងអភិរក្សតាមោក ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចមន្ត្រីជំនាញ ចុះទៅពិនិត្យស្រាវជ្រាវ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បើតាមសហគមន៍នេសាទកំពង់ឃ្លាំង បានឲ្យដឹងថា ត្រីចាប់ផ្តើមងាប់ជាបន្តបន្ទាប់ អណ្តែតពេញទឹក ក្នុងតំបន់អភិរក្សតាំងពីវេលាម៉ោង៤.៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ មកម្ល៉េះ រហូតមកដល់ព្រឹកថ្ងៃទី២៨ ត្រីងាប់កាន់តែច្រើនទ្វេរដង។

បាតុភាពខាងលើ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះទៅពិនិត្យជាក់ស្តែង និងលទ្ធផលគឺ ការងាប់របស់ត្រី បណ្តាលមកពីកង្វះអុកស៊ីសែនក្នុងទឹក ដោយកត្តាធម្មជាតិ បម្រែបម្រួលអាកាសធាតុ ខណៈកម្ពស់ទឹកនៅតំបន់អភិរក្សបានរីងរាក់នៅសល់ត្រឹមប្រមាណពី០,១០ម៉ែត្រ ទៅ០,៤០ម៉ែត្រប៉ុណ្ណោះ។ លើសពីនេះ ពុំមានខ្យល់បក់ ដែលធ្វើឲ្យស្ថានភាពទឹកហប់ខ្លាំង និងបណ្តាលឲ្យកង្វះអុកស៊ីសែនក្នុងទឹក ទើបធ្វើឲ្យត្រីងាប់ជាបន្តបន្ទាប់បែបនេះ។

អាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងកើតហេតុដោយផ្ទាល់ ឃើញថា ត្រីងាប់ច្រើន ប្រមាណជាង២តោន មានដូចជា៖ ត្រីរៀល ត្រីក្រុស ត្រីឆ្ពិន ត្រីខ្មាន់ ត្រីឆ្លាំង និងត្រីក្រពាត់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.