នៅទីក្រុងញូវយ៉ក តំណាងដ៏ខ្ពង់ខ្ពស់របស់កម្ពុជាបានថ្លែងអំណះអំណាងយ៉ាងច្បាស់ៗនៅលើឆាកអន្តរជាតិ អំពីសារៈសំខាន់នៃការកែទម្រង់អភិបាលកិច្ចសកល និងការបង្កើនតួនាទីរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយវិបត្តិធំៗដែលពិភពលោកកំពុងប្រឈមមុខ។

តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមមិត្តនៃអភិបាលកិច្ចសកល។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការកែទម្រង់ និងលើកកម្ពស់អភិបាលកិច្ចសកល៖ ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល» ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ កាន់ ផារិទ្ធ បានគូសបញ្ជាក់យ៉ាងហ្មត់ចត់ពីភាពចាំបាច់បន្ទាន់ ក្នុងការកែទម្រង់ និងការពង្រឹងប្រព័ន្ធអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានលើកឡើងថា ប្រព័ន្ធគ្រប់គ្រងសកលលោកត្រូវតែមានការវិវត្តទៅមុខ ដើម្បីអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងកើនកម្តៅ បញ្ហាបម្រែបម្រួលអាកាសធាតុដែលកំពុងគំរាមកំហែងដល់ភពផែនដីនិងការស្រុតចុះនៃសេដ្ឋកិច្ចសកលលោក ព្រមទាំងបញ្ហាប្រឈមថ្មីៗជាច្រើនទៀត។

ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើការអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ ឱ្យបង្កើតនូវកិច្ចសហប្រតិបត្តិការមួយដែលប្រកបដោយ បរិយាបន្ន ផ្អែកលើច្បាប់ និងផ្តោតលើប្រជាជនជាកណ្តាល។ អ្វីដែលជាចំណុចគន្លឹះនោះ គឺកម្ពុជាបានទាមទារឱ្យមានការបង្កើនតួនាទី និងពង្រីកសំឡេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងរចនាសម្ព័ន្ធសម្រេចចិត្តសកលលោក ដើម្បីធានាបាននូវសមធម៌ និងតម្លាភាព។

យកឱកាសដ៏មានតម្លៃនោះ ឯកឧត្តមរដ្ឋលេខាធិការបានចែករំលែកនូវទស្សនទាន និងមេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជាថា ដោយផ្អែកលើបទពិសោធន៍របស់ខ្លួនពីសង្គ្រាមឆ្ពោះទៅកាន់សន្តិភាព កម្ពុជាបានលើកឡើងថា ការសន្ទនា ការទូត និងសកម្មភាពរួម គឺជាមាគ៌ាចាំបាច់ដើម្បីឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជំហររបស់កម្ពុជានៅទីស្នាក់ការកណ្តាល អ.ស.ប. នាពេលនេះ មិនត្រឹមតែបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មក្នុងនាមជាសមាជិកទទួលខុសត្រូវរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រើប្រាស់នយោបាយការទូតពហុភាគី ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីសម្រាប់វិបត្តិនានា ដែលកំពុងយាយីដល់ស្ថិរភាពសកលលោកផងដែរ៕

Share.