សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានអំពាវនាវដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់អង្គរ ចូលរួមថែរក្សា និងការពារសត្វព្រៃ ខណៈសកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅតែបន្តកើតមានមួយចំនួន។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការអភិរក្សសត្វព្រៃ គឺជាផ្នែកសំខាន់ក្នុងការរក្សាជីវចម្រុះ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅតំបន់អង្គរ។

លោកបានស្នើឱ្យពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ខណៈអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ចុះតាមដាន និងការពារជាប្រចាំ។

ចំណែកលោក Nick Marx បានបញ្ជាក់ថា សត្វព្រៃមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធធម្មជាតិ និងជួយទាក់ទាញភ្ញៀវទេសចរ។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចំណី ឬរំខានសត្វព្រៃ ដើម្បីឱ្យពួកវារស់នៅតាមធម្មជាតិដោយសុវត្ថិភាព៕

Share.