កំពង់ធំ៖ អភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានថ្លែងថា ការសាងសង់ស្ពានថ្មថ្មីប្រវែង៦០ម៉ែត្រ និងផ្លូវថ្មីក្នុងស្រុកស្ទោង គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសម្រួលការធ្វើដំណើរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។




ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោក និងក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងត្រៀមសាងសង់ស្ពានថ្មី ស្ថិតនៅភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។




លោក សាយ គឹមឡម បានបញ្ជាក់ថា ស្ពានថ្មីនេះមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសជំនួសស្ពានឈើចាស់ដែលមានសភាពទ្រុឌទ្រោម និងប្រឈមហានិភ័យក្នុងការធ្វើដំណើរ។ លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានជួយជំរុញគម្រោងនេះ។




លោកបានបន្ថែមថា ស្ពាន និងផ្លូវថ្មី នឹងជួយសម្រួលការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសាលារៀន ឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។
សូមបញ្ជាក់ថា ផ្លូវថ្មីនេះមានប្រវែង៥,៣០០ម៉ែត្រ តភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង ខណៈស្ពានថ្មីមានទទឹង៨ម៉ែត្រ បណ្ដោយ៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង នៅភូមិអូរដូង ហើយគម្រោងសាងសង់នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ÷កំពង់ធំ

