ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការជំរុញដល់មន្ដ្រីស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ត្រូវបង្កើនការផ្សព្វផ្សាយ និងផលិតកម្មវិធីថ្មីៗបន្ថែមទៀត ឱ្យមានភាពទាក់ទាញ ដើម្បីឆ្លើយតបទៅនឹងនិន្នាការឌីជីថលនាពេលបច្ចុប្បន្ន។

ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ, នាយ-នាយរងការិយាល័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ ក៏បានមានប្រសាសន៍កោតសរសើរចំពោះមន្ដ្រីទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ទទួលបានសមិទ្ធផលជាច្រើន ជូនអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់អ្នកផ្សាយព័ត៌មាន ត្រូវពង្រឹងបន្ថែមទៀតនូវការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត ត្រូវជំរុញការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាយុទ្ធសាស្ត្រស្នូល របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍចាប់ពីថ្នាក់មូលដ្ឋានឡើងទៅ។

លោកឧត្តមសេនីយ៍ទោ អគ្គនាយករង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ ទាំងអស់ ត្រូវគោរពវិន័យឱ្យខ្ជាប់ខ្ជួន ក្នុងនាមជាកងកម្លាំងនគរបាលជាតិ៕

ប្រភព៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ផ្សព្វផ្សាយអប់រំ

Share.