រដ្ឋបាលខណ្ឌដូនពេញ សហការជាមួយអង្គការម៉ារីស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់ពាក់ព័ន្ធ ជូនដល់ម្ចាស់អាជីវកម្មសេវាកម្សាន្ត និងអាជ្ញាធរសង្កាត់ទាំង១១ ដើម្បីពង្រឹង «គោលការណ៍មិនអត់ឱនដាច់ខាត» ចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងរួមគ្នាលើកកម្ពស់សីលធម៌សង្គម។

“សូមកុំពាក់ព័ន្ធនឹងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ!” នេះជាសាររួមគ្នារវាងអាជ្ញាធរ និងសង្គមសីវិល ផ្ញើទៅកាន់ម្ចាស់អាជីវកម្មសេវាកម្សាន្តសប្បាយ ម៉ាស្សា ព្រមទាំងអាជីវកម្មពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់សីលធម៌សង្គម សុវត្ថិភាពកុមារ និងចៀសវាងពីទោសទណ្ឌ។ សារនេះក៏មានគោលដៅរំឭកដល់សាធារណជនទូទៅ ឱ្យសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់អំពើនេះផងដែរ។
ដើម្បីបញ្ជូនសារនេះឱ្យជ្រាបដល់មូលដ្ឋាននៅក្នុងដែនរដ្ឋបាលរបស់ខ្លួន គណៈអភិបាលខណ្ឌដូនពេញ ដោយមានការសហការពីអង្គការម៉ារីស៊ី បានរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយ ស្ដីពី “ការយល់ដឹងពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តពាក់ព័ន្ធ” ទៅដល់ម្ចាស់អាជីវកម្ម ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាសាលាខណ្ឌដូនពេញ ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា ការជួញដូរមនុស្ស ពេស្យាចារ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ គឺជាបទឧក្រិដ្ឋដែលត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែងឡើយ ដូច្នេះសូមកុំឱ្យជាប់ពាក់ព័ន្ធដាច់ខាត។ លោកបន្តថា ការបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃនេះ នឹងផ្ដល់ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងបទបញ្ញត្តិច្បាប់ ទោសទណ្ឌ និងវិធីសាស្ត្រចៀសវាងកុំឱ្យជាប់ពាក់ព័ន្ធនឹងបទល្មើស។

តំណាងឱ្យអភិបាលខណ្ឌដូនពេញ លោក កៅ សារ៉ាវុធ អភិបាលរង បានថ្លែងថា ដើម្បីរក្សាបាននូវកិត្យានុភាព ភាពស្រស់បំព្រង និងបរិយាកាសវិនិយោគប្រកបដោយសីលធម៌ រដ្ឋបាលខណ្ឌដូនពេញតែងប្រកាន់ខ្ជាប់នូវ “គោលការណ៍មិនអត់ឱនដាច់ខាត (Zero Tolerance)” ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ះពាល់ដល់សុវត្ថិភាព និងការលូតលាស់របស់កុមារ។ លោកបន្តថា ទោះបីជាអាជ្ញាធរតែងតែយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសណ្តាប់ធ្នាប់ក៏ដោយ ប៉ុន្តែការវិវត្តនៃសង្គមបច្ចុប្បន្ន ទាមទារឱ្យយើងត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង។
លោកអភិបាលរងយល់ថា វគ្គបណ្តុះបណ្តាលនេះគឺជា “វិធានការបង្ការជាមុន” ដ៏មានប្រសិទ្ធភាព ដើម្បីធានាថា គ្រប់ទីតាំងអាជីវកម្មកម្សាន្តទេសចរណ៍ទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ មានស្មារតីភ្ញាក់រលឹកខ្ពស់ និងឈ្វេងយល់បានច្បាស់លាស់នូវ “បន្ទាត់ក្រហមនៃច្បាប់” ដែលមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ឬកេងប្រវ័ញ្ចលើអនីតិជនជាដាច់ខាត។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោក កៅ សារ៉ាវុធ សង្កត់ធ្ងន់ថា កុមារ និងយុវជន ដែលជាទំពាំងស្នងឫស្សី ត្រូវតែទទួលបានការការពារ ការអប់រំ និងការគោរពសិទ្ធិ មិនមែនជាគោលដៅនៃការស្វែងរកផលប្រយោជន៍ខុសច្បាប់នោះឡើយ។
លោក ប៉ោ សុថោង ម្ចាស់អាជីវកម្មស្ប៉ានៅខណ្ឌដូនពេញ បានបង្ហាញចំណាប់អារម្មណ៍ថា វគ្គបណ្ដុះបណ្ដាលនេះ បានជួយពង្រឹងបន្ថែមលើចំណេះដឹងផ្នែកច្បាប់ពាក់ព័ន្ធនឹងការទទួលបុគ្គលិកធ្វើការ និងការការពារកុមារកុំឱ្យរងគ្រោះដោយសារការកេងប្រវ័ញ្ចគ្រប់ទម្រង់។
លោក សាញ់ រស្មី ប្រធានកម្មវិធីគាំពារសហគមន៍ នៃអង្គការម៉ារីស៊ី បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះគឺជាលើកទី៦ ហើយ ដែលអង្គការបានគាំទ្រដល់អាជ្ញាធរខណ្ឌក្នុងការរៀបចំឡើង ដើម្បីផ្សព្វផ្សាយអប់រំទៅដល់អាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្មសេវាកម្សាន្តសម្រាប់មនុស្សពេញវ័យ ឱ្យពួកគាត់យល់ដឹងពីផ្លូវច្បាប់ វិធានការបង្ការទប់ស្កាត់បទល្មើស និងការពារអាជីវកម្មរបស់ខ្លួនកុំឱ្យជាប់ពាក់ព័ន្ធនឹងទង្វើខុសច្បាប់។
លោកស្រី ឈឹម វតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) ខណ្ឌដូនពេញ លើកឡើងថា ជាមួយនឹងការផ្សព្វផ្សាយអប់រំដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធ ការការពារ និងការអប់រំកុមារតាំងពីនៅតូចរហូតដល់ពេញវ័យ ក៏ជាកត្តាចាំបាច់ផងដែរ ដើម្បីឱ្យកុមារចេះការពារខ្លួនឯងពីការបោកបញ្ឆោតរបស់ឧក្រិដ្ឋជន។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) កាលពីឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ២៧២ ករណី ដោយបានជួយសង្គ្រោះជនរងគ្រោះចំនួន ៩៩៤ នាក់ (ក្នុងនោះស្រីចំនួន ៦២៤ នាក់ ស្មើនឹង ៥៩%)។ ដោយឡែក បើនិយាយតែករណីធ្វើអាជីវកម្មផ្លូវភេទ សមត្ថកិច្ចបានបង្ក្រាបចំនួន ១៤៤ ករណី និងជួយសង្គ្រោះជនរងគ្រោះបាន ៣៨៨ នាក់ ដែលជាង ៥០% គឺជាស្ត្រី។ ក្នុងនោះ កុមារអាយុក្រោម ១៥ ឆ្នាំ មានចំនួន ១២២ នាក់ (ប្រុសម្នាក់) ខណៈក្មេងស្រីអាយុចាប់ពី ១៥ ដល់ ១៧ ឆ្នាំ មានចំនួន ១៣៧ នាក់។
លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានបង្ហាញក្ដីបារម្ភថា តួលេខនេះគឺជាករណីដែលសមត្ថកិច្ចបង្ក្រាបបានប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើនៅមានប៉ុន្មានករណីទៀត ដែលកើតមានឡើងហើយសមត្ថកិច្ចមិនទាន់ដឹងនៅឡើយនោះទេ?៕





