ប្រទេសថៃកំពុងតែធ្លាក់ដុនដាបក្នុងវិបត្តិគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ ព្រោះសូម្បីតែមន្ត្រីរាជការជាន់ខ្ពស់ ដែលមានតួនាទីជាអ្នកចាត់ចែងសេវាសាធារណៈ និងអនុវត្តច្បាប់ ក៏ក្លាយជាអ្នកប្រើប្រាស់ និងសង្ស័យថា មានការពាក់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់ដែរ។ ករណីចុងក្រោយបង្អស់ កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅនេះ ការបោកបង្ក្រាបមួយបានធ្វើឱ្យផ្អើលពេញខេត្តមុកដាហាន នៅពេលដែលប្រធានការិយាល័យរដ្ឋបាលឃុំមួយរូប នៅក្នុងស្រុក Dong Luang ត្រូវបានចាប់ខ្លួនក្នុងការិយាល័យធ្វើការ ក្រោយពីលទ្ធផលតេស្តទឹកនោមបង្ហាញពណ៌ស្វាយ (វិជ្ជមានសារធាតុម៉េតំហ្វេតាមីន ឬម៉ាទឹកកក)។

ប្រតិបត្តិការនេះមិនមែនកើតឡើងដោយសារតែប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់រដ្ឋាភិបាលមានប្រសិទ្ធភាពនោះទេ ប៉ុន្តែគឺផ្អែកទាំងស្រុងលើ ការរាយការណ៍សម្ងាត់ពីប្រជាពលរដ្ឋ ដែលទ្រាំមិនបាននឹងទង្វើខុសច្បាប់របស់មន្ត្រីរូបនេះ។ នេះស្តែងឱ្យឃើញថា ប្រព័ន្ធរដ្ឋបាលថៃខ្វះយន្តការត្រួតពិនិត្យ និងវាយតម្លៃសីលធម៌មន្ត្រីយ៉ាងធ្ងន់ធ្ងរ បណ្តោយឱ្យមនុស្សញៀនថ្នាំឡើងកាន់តំណែងខ្ពស់ និងមានអំណាចពេញដៃ។

ទោះបីជាមេស្រុក Dong Luang លោក Prasitthichai Suwankhaisri ចេញមុខមកប្រកាសក្តែងៗថា នឹងគ្មានការលើកលែង ឬការពារចំពោះមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងខាងវិន័យ និងខាងព្រហ្មទណ្ឌក៏ដោយ ក៏វាក្លាយជាសម្តីដដែលៗដែលគ្មានទម្ងន់។ ព្រោះការពិតជាក់ស្តែង បញ្ហានេះមិនមែនកើតឡើងតែនៅមុកដាហាននោះទេ។

ក្នុងពេលជាមួយគ្នានោះដែរ នៅខេត្តសមុទ្រប្រាកានឯណោះវិញ ប៉ូលីសក៏បានស្ទាក់ចាប់មន្ត្រីសាលាក្រុងម្នាក់ ទាំងមានថ្នាំញៀននៅក្នុងឡានថែមទៀតផង។

ភាពស្រដៀងគ្នានៃករណីទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា គ្រឿងញៀនបានជ្រៀតចូលយ៉ាងជ្រៅទៅក្នុងសរសៃឈាមនៃប្រព័ន្ធរដ្ឋបាលថៃ ពីថ្នាក់ឃុំ រហូតដល់ថ្នាក់ក្រុង។ មន្ត្រីរដ្ឋដែលស៊ីប្រាក់ខែពីពន្ធរាស្ត្រ បែរជាយកលុយទៅទិញថ្នាំញៀន និងប្រើប្រាស់អំណាចតួនាទីដើម្បីកាង ឬពាក់ព័ន្ធនឹងរបរខុសច្បាប់ទៅវិញ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលីស Dong Luang ហើយដើម្បីចាត់ការតាមច្បាប់ និងបន្តស៊ើបអង្កេតរកប្រភពផ្គត់ផ្គង់ថ្នាំ។ ប៉ុន្តែ សំណួរដែលមហាជនតែងតែចោទសួរ និងមន្ទិលសង្ស័យនោះគឺ តើការស៊ើបអង្កេតនេះនឹងទៅដល់ណា? ឬក៏គ្រាន់តែជាការចាប់ខ្លួន ដើម្បីបិទបាំងមេខ្លោងធំ ដែលមានខ្នងបង្អែកក្រាស់ៗនៅក្នុងជួររដ្ឋាភិបាល និងសមត្ថកិច្ច?

ល្ខោននៃការបង្ក្រាបគ្រឿងញៀនរបស់ថៃ ហាក់ដូចជាការកាត់ត្រឹមចុងឈើ ប៉ុន្តែមិនដែលជីករំលើងឫសគល់នោះទេ។ បើទោះជាមានការបង្កើតក្រុមការងារពិសេស ឬការតេស្តទឹកនោមតាមការិយាល័យក៏ដោយ ដរាបណាអំពើពុករលួយ និងការទិញដូរតំណែងនៅក្នុងជួររដ្ឋាភិបាលនៅតែបន្តមាន នោះស្ថាប័នរដ្ឋរបស់ថៃ នឹងនៅតែជាជម្រកដ៏សុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនពាក់អាវសក្តិ និងបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋខ្ទេចខ្ទីគ្មានសល់៕

ប្រភព៖ The Thaiger

Share.