តាមរដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការប្រមូលផលផ្លែទុរេនរបស់កសិករ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីត្រៀមបង្កើតស្លាកសញ្ញាសម្គាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

ការចុះពិនិត្យនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិបទដែលទីផ្សារទុរេននៅឆ្នាំ២០២៦ មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កសិករក្នុងតំបន់។
ជាមួយគ្នានោះ លោកជំទាវអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការបណ្តុះបណ្តាលដល់សហគមន៍ និងបណ្តុំកសិករ ដោយផ្ទាល់នៅតាមមូលដ្ឋាន។ គោលបំណងសំខាន់ដូចជា ជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់ ចំណាយលើការផលិតទាប ធានាសុវត្ថិភាពដល់ទាំងអ្នកប្រើប្រាស់ និងអ្នកដាំដុះ និងតម្រង់ទិសការផលិតកសិផលតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

ការបង្កើតស្លាកសញ្ញាសម្គាល់ប្រភពដើមនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងម៉ាកយីហោទុរេនប៉ៃលិនឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស។ បន្ថែមពីលើការលើកកម្ពស់គុណភាពផលិតផល លោកជំទាវអភិបាលខេត្តក៏បានណែនាំដល់ម្ចាស់ចំការទុរេនទាំងអស់ ឱ្យពិចារណាប្រែក្លាយចំការរបស់ខ្លួនទៅជា តំបន់កសិទេសចរណ៍។

លោកជំទាវបានមានប្រសាសន៍ថា នេះជាជម្រើសដ៏ល្អបំផុតមួយដើម្បីបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីរដូវប្រមូលផល។ តាមរយៈកសិទេសចរណ៍ ម្ចាស់ចំការអាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរដូចជា៖
ការដើរទស្សនាក្នុងចំការទុរេន ការភ្លក់ទុរេនស្រស់ៗពីដើម កន្លែងលេងកម្សាន្តបែបធម្មជាតិ ការស្នាក់នៅក្នុងបរិយាកាសធម្មជាតិជាដើម។
សូមជម្រាបថា ការអភិវឌ្ឍន៍វិស័យទុរេននៅខេត្តប៉ៃលិន មិនត្រឹមតែជាការពង្រឹងសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាព។ តាមរយៈការផ្សារភ្ជាប់រវាងកសិកម្ម និងទេសចរណ៍ ប៉ៃលិនកំពុងគូសបញ្ជាក់ពីសក្តានុពលរបស់ខ្លួនក្នុងការក្លាយជាគោលដៅទេសចរណ៍កសិកម្មដ៏សំខាន់មួយរបស់កម្ពុជា៕

