បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន៣កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ១៣២នាក់ ព្រមទាំងដកហូតសម្ភារសង្ស័យពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសមួយចំនួន។




ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង។


ជាលទ្ធផល នៅទីតាំងទី៣ គឺអគារ G99 ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន ១៣២នាក់ និងវត្ថុតាងមួយចំនួនដែលសង្ស័យប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។


បច្ចុប្បន្ន មនុស្សសរុបចំនួន ១៥២នាក់ ក្នុងនោះមានជនជាតិខ្មែរ ៨នាក់ និងស្ត្រី ៤៦នាក់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅមណ្ឌលកងវ៉ា ដើម្បីបន្តនីតិវិធីស្រាវជ្រាវ និងចាត់ការតាមផ្លូវច្បាប់។៕
អត្ថបទ÷ប៉ោយប៉ែត
