ត្បូងឃ្មុំ៖ ដំណើរការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែងជិត ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ កំពុងរងការសង្ស័យ និងរិះគន់ពីមហាជន និងអ្នកតាមដានសង្គម ក្រោយមានការលើកឡើងពីភាពមិនប្រក្រតីក្នុងដំណើរការដេញថ្លៃ។ ការបើកសំណើដេញថ្លៃបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាសង្កាត់សួង។

លោកកែវ ឆេន ចៅសង្កាត់សួងបានបញ្ជាក់ឲ្យដឹងថា  ការដេញថ្លៃនេះ មានក្រុមហ៊ុនចំនួន១៤ បានដាក់ពាក្យស្នើសុំចូលរួមប្រកួតប្រជែងក្នុងការដេញថ្លៃ ដើម្បីដណ្តើមយកភាពស្របច្បាប់ក្នុងការសាងសង់ផ្លូវនេះ ហើយក៏មានអ្នកសារព័ត៌មានចំនួន៩ នាក់បានចូលសង្កេតការលើការងារគម្រោងនេះផងដែរ។ ប៉ុន្តែមានតែ ៣ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានដាក់សំណើប្រកួតប្រជែងជាក់ស្តែង។

លោកបន្តថា កិច្ចដំណើរការដេញថ្លៃនេះអាចទទួលយកបាន ព្រោះមានក្រុមហ៊ុនចំនួន៣ បានចូលរួមប្រកួតប្រជែង ទោះតម្លៃចុះទាប ឬចុះតិចតួច មិនសំខាន់ទេ ពិសេសឲ្យតែមានសំណើគ្រប់ចំនួន៣ គឺអាចទទួលយកជាផ្លូវការបានហើយ ។

ជាលទ្ធផល ក្រុមហ៊ុន «ថេង រីតា» ទទួលបានសិទ្ធិសាងសង់គម្រោងនេះ ដោយដេញថ្លៃក្នុងតម្លៃ ៤៣០លានរៀល ខណៈតម្លៃប៉ាន់ស្មានដើមមានជិត ៤៣៤លានរៀល។

ទោះជាយ៉ាងណា មហាជនមួយចំនួនបានដាក់ជាចង្ងល់ ដោយលើកឡើងថា ក្រុមហ៊ុនជាច្រើនដែលបានចុះឈ្មោះមិនបានចូលរួមប្រកួតប្រជែងពិតប្រាកដមែន ឬអាចមានការសម្របសម្រួលគ្នាជាមុន រហូតធ្វើឱ្យការដេញថ្លៃមានការប្រកួតប្រជែងតិចតួច និងតម្លៃចុះទាបខ្លាំងត្រឹមប្រមាណ ៤លានរៀលប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងការរិះគន់នេះ លោក សឺន គិរីវ៉ាន់ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកមិនបានចូលរួមក្នុងថ្ងៃបើកសំណើទេ ដូច្នេះការសម្រេចចិត្តស្ថិតនៅលើគណៈកម្មការលទ្ធកម្ម។ ទោះជាយ៉ាងណា លោកថានឹងពិនិត្យលើករណីនេះបន្ថែម ខណៈដំណើរការដេញថ្លៃមានអ្នកចូលរួមសង្កេតការណ៍ជាច្រើន។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជនមួយចំនួនបានអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធ និងអភិបាលខេត្តត្បូងឃ្មុំ ពិនិត្យស្រាវជ្រាវលើដំណើរការលទ្ធកម្មខាងលើ ដើម្បីធានាតម្លាភាព ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាសាធារណៈ និងបំបាត់មន្ទិលសង្ស័យពីសាធារណជន។៕

អត្ថបទ÷អាចារ្យលាក់

Share.