ក្នុងឱកាសបើយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ កាលពីថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បន្តអំពាវឱ្យសប្បុរសជនចូលរួមបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជាដង្ហើមនៃក្តីសង្ឃឹមរបស់កុមារកម្ពុជា។

១ម៉ឺនរៀល អាចមើលទៅជាចំនួនតូចមួយ ប៉ុន្តែសម្រាប់កុមារដែលកំពុងស្រែកហៅរកការសង្គ្រោះ វាអាចក្លាយជាក្តីសង្ឃឹមដ៏ធំធេង។ ១ម៉ឺនរៀលនេះ អាចប្រែក្លាយជាឱសថ ជាឈាម ជាឧបករណ៍វេជ្ជសាស្ត្រ ឬជាកម្លាំងចលករមួយ ដែលជួយឱ្យក្រុមគ្រូពេទ្យបន្តសង្គ្រោះជីវិតកុមារបានទាន់ពេលវេលា។ ហើយនៅពេលការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗរួបរួមគ្នា ថវិកាទាំងនេះនឹងក្លាយជាកម្លាំងដ៏មហិមា ក្នុងការបន្តនាំមកនូវស្នាមញញឹម ក្តីសង្ឃឹម និងជីវិតថ្មីដល់កុមារកម្ពុជា។

នេះគឺជាខ្លឹមសារនៃសារលិខិតអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនគ្រាន់តែជាការផ្តល់ថវិកាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកសង្គ្រោះជីវិតកុមារផ្ទាល់ គឺជាការជួយសម្រាលទុក្ខលំបាករបស់ឪពុកម្តាយគ្រប់ក្រុមគ្រួសារ ហើយក៏ជាការវិនិយោគលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិយើងផងដែរ។

ក្នុងសារប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ លោកជំទាវបានរំលេចថា៖ សម្រាប់ឪពុកម្តាយជាច្រើន មន្ទីរពេទ្យគន្ធបុប្ផា មិនមែនគ្រាន់តែជាកន្លែងព្យាបាលជំងឺនោះទេ តែគន្ធបុប្ផា គឺជា «កន្លែងដែលទឹកភ្នែកនៃការព្រួយបារម្ភ អាចប្រែក្លាយជាស្នាមញញឹម» និងជាទីកន្លែងដែលកូនតូចៗទទួលបានឱកាសរស់រានមានជីវិតជាថ្មី ដើម្បីត្រឡប់ទៅកាន់រង្វង់ដៃគ្រួសារវិញដោយសុវត្ថិភាព។

យោងតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា (ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប) ត្រូវការថវិកាប្រមាណ ៤៥ លានដុល្លារអាម៉េរិក ដើម្បីបន្តដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារ ក៏ដូចជាស្ត្រីមានផ្ទៃពោះ។ គិតចាប់តាំងពីឆ្នាំ១៩៩២ មក មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបជាង ២៧,៥ លាននាក់ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព តម្លាភាព និងមិនមានការរើសអើងឡើយ។

សូមរំលឹកផងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដំបូងនៅឆ្នាំ២០២២ ដោយកាលនោះធ្វើឡើងត្រឹមរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែដោយសារសន្ទុះនៃចលនាបរិច្ចាគរបស់សប្បុរសជនមានការកើនឡើងជាលំដាប់ ពោលគឺពីចំនួន ២២០ ០៧៣ នាក់ (ទទួលបានថវិកាប្រមាណ ២,៤ លានដុល្លារ) នៅឆ្នាំ២០២៣ ដល់ ២៣១ ៥០០ នាក់ (ទទួលបានថវិកា ៣,៣ លានដុល្លារ) នៅឆ្នាំ២០២៤ ទើបថ្នាក់ដឹកនាំនៃមូលនិធិសម្រេចពន្យារពេលរៀបចំយុទ្ធនាការនេះរហូតដល់ ១ខែពេញ (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា) កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលទទួលបានថវិកាបរិច្ចាគរហូតដល់ ៥,៥ លានដុល្លារ ពីសប្បុរសជនប្រមាណ ៣០ ម៉ឺននាក់៕

Share.