ត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងការដឹកនាំផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលខេត្តបានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលចំហ ល្បាតអាវុធជាតិផ្ទុះ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមបណ្តាស្រុកចំនួនពីរ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ (ស្រីម្នាក់) រួមទាំងវត្ថុតាងជាច្រើន។

ករណីទី១៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចឃុំជប់ ស្រុកត្បូងឃ្មុំ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១កញ្ចប់ (លាក់ក្នុងហោប៉ាវ) និងជនសង្ស័យម្នាក់ទៀតធ្វើតេស្តទឹកនោមឃើញវិជ្ជមាន។ ជនសង្ស័យទាំងពីរបានសារភាពចំពោះទង្វើខ្លួន។
ករណីទី២៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញារក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់ចំនួន ៦នាក់ (ស្រីម្នាក់) នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូររាំងឪ។ វត្ថុតាងដកហូតបានរួមមាន៖
ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់ កាំភ្លើងកែឆ្នៃចំនួន ៣ដើម កាំបិត និងដាវចំនួន ៤ដើម និងវត្ថុតាងមួយចំនួនទៀត

ករណីទាំងពីរនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដោយមានការសម្របសម្រួលពីលោក ឃិន វិជ្ចតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕

