កែប៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប និងមានការចូលរួមពី ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងកែប និងអាជ្ញាធរក្រុង សង្កាត់។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ដែលក្នុងនោះរួមមាន ជនជាតិចិន ៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់ ។ វត្ថុតាងប្រមូលបានរួមមាន ៖ កុំព្យូទ័រលើតុចំនួន ៥គ្រឿង ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនទៀត។

សូមជម្រាបថា បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីកសាងសំណុំរឿង និងបន្តតាមនីតិវិធី៕

Share.