ប៉ៃលិន៖ ខេត្តប៉ៃលិនដែលជាទឹកដីត្បូងពេជ្រនៃប៉ែកខាងលិចប្រទេសកម្ពុជា កំពុងតែបង្កើតសមិទ្ធផលថ្មីមួយទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ តាមរយៈការលើកកម្ពស់សោភណភាពក្រុង និងការរំលេចសិល្បៈវប្បធម៌ខ្មែរយ៉ាងរស់រវើក។

នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាក «ព្រះវិស្ណុដៃ៨» ដែលឆ្លាក់ចេញពីថ្មភ្នំធម្មជាតិពិតៗ យកទៅតម្កល់លើរង្វង់មូលថ្មី ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

ការដំឡើងរង្វង់មូលព្រះវិស្ណុថ្មីនេះ មិនត្រឹមតែជាការរៀបចំសណ្តាប់ធ្នាប់យានយន្ត និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលធ្លាប់តែកើតមានឡើងញឹកញាប់នៅចំណុចប្រទាក់ក្រឡានោះទេ ប៉ុន្តែវានឹងក្លាយជាតំបន់និមិត្តរូប និងជាចំណុចឆែកអ៊ីន ថ្មីមួយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅខេត្តប៉ៃលិន។ រូបសំណាកទេវរូបដែលធ្វើពីថ្មភ្នំនេះ ឆ្លុះបញ្ចាំងពីតម្លៃសិល្បៈដ៏ប្រណិត និងការគោរពបូជាតាមបែបវប្បធម៌ប្រពៃណី ដែលជួយលើកសម្រស់ក្រុងប៉ៃលិនឱ្យកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀត ក្នុងនាមជាខេត្តទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំជាតិ បានធ្វើឱ្យខេត្តជាយដែនដែលធ្លាប់តែជាសមរភូមិសង្គ្រាមក្តៅគគុកមួយនេះ ប្រែមុខមាត់ថ្មីគួរជាទីមោទនៈ ដោយមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពពលរដ្ឋកាន់តែធូរធារ។

ដើម្បីឱ្យសមិទ្ធផលទេសចរណ៍ និងរូបវន្តថ្មីនេះលេចចេញជារូបរាងឡើងប្រកបដោយភាពជោគជ័យ លោកជំទាវអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឆ្លុះបញ្ចាំងពីភាពស៊ីវិល័យនៃតំបន់ទេសចរណ៍។ លោកជំទាវបន្តថា រួមគ្នាថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសោភណភាពជុំវិញរង្វង់មូលថ្មីនេះ និងមេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យការដ្ឋាននេះបញ្ចប់ទៅតាមការគ្រោងទុក។

សូមជម្រាបថា ការលេចចេញនូវរង្វង់មូល «ព្រះវិស្ណុថ្មភ្នំ» នាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានគេរំពឹងថានឹងជួយជំរុញបន្ថែមដល់ចរន្តភ្ញៀវទេសចរផ្ទៃក្នុង ឱ្យចូលមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន កាន់តែជវកម្មឡើងថែមមួយកម្រិតទៀត៕

Share.