បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យមួយកន្លែង និងបានឃាត់ខ្លួនក្រុមជនបរទេស និងជនជាតិខ្មែរជិត ៣០នាក់ ដែលបានលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ដោយកម្លាំងជំនាញបានចុះពិនិត្យ និងបង្ក្រាបនៅទីតាំងផ្ទះវីឡាមួយកន្លែង (លេខ ៣៣៦ ក្រុមទី៥ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង) ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់មន្ត្រីឧត្តមសេនីយ៍ម្នាក់។

យោងតាមរបាយការណ៍ផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៣៤នាក់ រួមមាន៖ ជនបរទេសចំនួន ២៧នាក់ (ស្រី ៩នាក់) ក្នុងនោះមានជនជាតិហ្វីលីពីន ២៣នាក់ (ស្រី ៨នាក់), ជនជាតិមីយ៉ាន់ម៉ា ២នាក់ (ស្រី ១នាក់), ជនជាតិនីហ្សេរីយ៉ា ១នាក់ និងជនជាតិសេរ៉ាឡេអូន ១នាក់ និងជនជាតិខ្មែរចំនួន ៧នាក់។
តាមលទ្ធផលនៃការស្រាវជ្រាវបានឱ្យដឹងថា ក្រុមសង្ស័យទាំងនេះទើបតែបានរត់គេចខ្លួនចេញពីគោលដៅផ្សេងៗ បន្ទាប់ពីមានការរឹតបន្តឹង និងបង្ក្រាបពីសំណាក់សមត្ថកិច្ច ហើយបានមកសម្ងំស្នាក់នៅទីតាំងផ្ទះវីឡាខាងលើកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ក្រោយការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិក និងសម្ភារៈបច្ចេកវិទ្យា ដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ក្រុមនេះពិតជាបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ពិតប្រាកដមែន។ វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ខណៈទីតាំងផ្ទះវីឡាត្រូវបានសម្រេចបិទសៀល ជាបណ្តោះអាសន្ន ដោយប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងជាអ្នកគ្រប់គ្រង៕

