បាងកក៖ វិបត្តិទីផ្សារគ្រឿងសមុទ្រនៅក្នុងប្រទេសថៃកំពុងតែឈានដល់ចំណុចក្តៅគគុក បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសបិទការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃជាដាច់ខាត ដែលជាហេតុធ្វើឱ្យតម្លៃបង្គាធ្លាក់ចុះយ៉ាងគំហុក និងគ្មានអ្នកទិញ។ ស្ថានភាពនេះបានរុញច្រានឱ្យបណ្តាញកសិករចិញ្ចឹមបង្គាថៃ ត្រៀមលើកគ្នាចេញទៅធ្វើបាតុកម្មទាមទាររកដំណោះស្រាយនៅទីក្រុងបាងកក នាពេលដ៏ខ្លីខាងមុខ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ តំណាងកសិករចិញ្ចឹមបង្គា និងជាអតីតប្រធានសហករណ៍វារីវប្បកម្មខេត្តត្រាំង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះបានឱ្យដឹងថា ឆ្នាំនេះកសិករកំពុងជួបប្រទះវិបត្តិធ្ងន់ធ្ងរជាងឆ្នាំណាៗទាំងអស់។ កាលពីមុន ទោះបីជាតម្លៃធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏នៅតែមានម៉ូយបញ្ជាទិញខ្លះដែរ ប៉ុន្តែរយៈពេលប្រហែល ២ ខែចុងក្រោយនេះ គឺគ្មានអ្នកទិញទាល់តែសោះ ជាហេតុធ្វើឱ្យបង្គាស្អុយសល់ចោល។
យ៉ាងណាមិញ ស្ថានភាពទីផ្សាបង្គាថៃកាន់តែដុនដាបខ្លាំង បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានចេញបម្រាមហាមឃាត់ការនាំចូលបង្គា ៥ ប្រភេទពីប្រទេសថៃ ដែលបម្រាមនេះបានវាយប្រហារយ៉ាងដំណំដល់កសិករចិញ្ចឹមបង្គានៅភាគខាងត្បូងប្រទេស រួមមាន ខេត្តត្រាំង ស្តូល និងសុងខ្លា ដែលពឹងផ្អែកលើទីផ្សារម៉ាឡេស៊ីជាចម្បងក្នុងការនាំចេញបង្គាប្រមាណ ៨,០០០ តោនក្នុងមួយឆ្នាំ គិតជាទំហំទឹកប្រាក់ប្រហែល ២,០០០ លានបាត ឬប្រមាណជាង ៥៤ លានដុល្លារ។ ការបិទច្រកនេះ ធ្វើឱ្យការលក់របស់កសិករស្មើនឹងសូន្យ ហើយវាថែមទាំងប៉ះពាល់ដល់ប្រជាជានេសាទសមុទ្រដែលរកបង្គាធម្មជាតិផងដែរ។
កាលពីថ្ងៃទី៣១ ឧសភា កន្លងទៅ តំណាងបណ្តាញកសិករ និងសហព័ន្ធបង្គាថៃ បានដាក់លិខិតស្នើសុំអន្តរាគមន៍ទៅកាន់នាយករដ្ឋមន្ត្រីថៃរួចរាល់ហើយ។ ដោយឡែក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ បណ្តាញកសិករចិញ្ចឹមបង្គាមកពីទូទាំងប្រទេស នឹងលើកគ្នាទៅជួបអគ្គនាយកនៃនាយកដ្ឋានជលផល ដើម្បីដាក់លិខិតបន្តទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ដើម្បីទាមទារវិធានការដោះស្រាយបន្ទាន់។
បន្ថែមពីលើនេះ តំណាងកសិករក៏បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្មមកពីគណបក្សភឿថៃថា មានភាពព្រងើយកន្តើយចំពោះទុក្ខសោករបស់ប្រជាជននៅភាគខាងត្បូង ដោយសារតែតំបន់នោះមិនមានតំណាងរាស្ត្រមកពីបក្សកាន់អំណាចមួយនេះ។
ក្រុមកិសិករចិញ្ចឹមបង្គានៅថៃបានអំពាវនាវឱ្យរដ្ឋាភិបាលថៃកុំយកបញ្ហានយោបាយមកលាយឡំ ព្រោះនេះជាបញ្ហាក្រពះអាហារ និងជាវិបត្តិថ្នាក់ជាតិ។ ពីមុនមក ប្រទេសថៃធ្លាប់ជាប្រទេសនាំចេញបង្គាលេខ ១ លើពិភពលោក ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកចំណាត់ថ្នាក់លេខ ៦ ដែលធ្វើឱ្យខូចខាតសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគ្មានការដោះស្រាយទាន់ពេលវេលាទេនោះ វិបត្តិនេះនឹងរាលដាលកាន់តែខ្លាំងឡើងៗជាមិនខាន៕

