កែប៖ កម្លាំងសមត្ថកិច្ចខេត្តកែប បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៨នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពីលោក ច័ន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកែប។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៨នាក់ រួមមានជនជាតិចិន ៧នាក់ និងជនជាតិមីយ៉ាន់ម៉ា ១នាក់។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រលើតុ ៥គ្រឿង ទូរសព្ទដៃ ៣គ្រឿង និងឧបករណ៍ប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ស្នងការដ្ឋាននគរបាលខេត្តកែប បញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.