ស្វាយរៀង៖ កម្លាំងនគរបាលស្រុកស្វាយជ្រំ បានស្ទាក់ឃាត់ក្រុមក្មេងទំនើងចំនួន ៣នាក់ ដែលជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮរំខានដល់សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឃុំតាសួស និងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។



ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ។



ក្រោយការឃាត់ខ្លួន ក្រុមយុវជនទាំង៣នាក់ បានសារភាពថា ពិតជាបានកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូឱ្យឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋប្រាកដមែន។ដោយមានការឯកភាពពីស្នងការដ្ឋាននគរបាលខេត្ត និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ ព្រមទាំងតម្រូវឱ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ និងឱ្យអាណាព្យាបាលធ្វើលិខិតធានា ដើម្បីនាំយកទៅអប់រំបន្តនៅផ្ទះ។



ចំណែកម៉ូតូចំនួន ៣គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់វិញ បន្ទាប់ពីបានផ្លាស់ប្តូរបំពង់ស៊ីម៉ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់៕
អត្ថបទ៖ កណ្តាល

