ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងពិធីទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំគន្លឹះៗនៃស្ថាប័នជាតិជាច្រើនរូបទៀតផងដែរ។
សូមរំលឹកជូនថា អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺទើបតែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថ្មីៗកន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការជាតិ ព្រមទាំងជាការផ្តល់កិត្តិយស និងលើកទឹកចិត្តយ៉ាងធំធេងដល់មន្ត្រីរាជការនៃរដ្ឋបាលសារពើពន្ធ។ បច្ចុប្បន្ន វិស័យពន្ធដារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូលថវិកាជាតិ ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាល។
សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធទំនើបទាំងនេះ មិនត្រឹមតែជានិមិត្តរូបនៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការវិវត្តរីកចម្រើននៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធកម្ពុជា ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងការផ្តល់សេវាសាធារណៈជូនដល់អ្នកជាប់ពន្ធ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ៕

