សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងសារ​ពិសេស​ដើម្បីជូនដំណឹងដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​ ឱ្យ​បាន​ដឹងពី​ការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹង​ប្រទេសថៃ។

នៅក្នុង​ខ្លឹមសារ​នៃ​វីដេអូថ្លែងការណ៍របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់​ថា​ កម្ពុជា បានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជា​ជាតិ​ ដើម្បីចាប់ផ្ដើមដំណើរការ​នៃយន្តការផ្សះផ្សារដោយ​បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី​នីតិ​សមុទ្រ ឬ​ UNCLOS។ នាយករដ្ឋមន្ត្រីកម្ពុជាបាន​លើកឡើងថា ការដែល​ កម្ពុជា​ជ្រើសរើសយកយន្តការ​នេះគឺ​មាន​គោលដៅការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាដោយអនុឡោមតាម​ច្បាប់អន្តរជាតិ។

កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី ហើយកម្ពុជានៅតែមាន​គោលបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិ​បត្តិការ​ និង​ការ​គោរពគ្នា​ទៅវិញទៅមក​ ប៉ុន្តែ​ អធិបតេយ្យភាពជាតិ និងសិទ្ធិលើ​ដែនសមុទ្ររបស់​កម្ពុជា​ត្រូវ​តែ​គោរពជា​ដាច់​ខាត​។ នេះគឺជា​ការ​អះអាងដ៏ម៉ឺងម៉ាត់របស់​សម្ដេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅថ្ងៃទី​២ ខែមិថុនា ឆ្នាំ២០២៦ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បាន​អះអាងនៅក្នុង​សេចក្ដីថ្លែងការណ៍នោះដែរថា៖ «កម្ពុជា មិនដែល​រំលោភបំពាន​អធិបតេយ្យភាពរបស់​ប្រទេសដទៃឡើយ ជាមួយគ្នានេះ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុង​ការ​ការពារ​អធិបតេយ្យជាតិ​របស់​ខ្លួន នាពេលនេះកម្ពុជាប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះដោយ​មិនមែន​តាម​រយៈការ​ប្រើ​កម្លាំង​ តែប្រើប្រាស់​ច្បាប់ ដោយមិនមែន​សកម្មភាពឯកតោភាគី តែតាមរយៈការ​រួម​គ្នា​ដោះស្រាយ​ដោយ​សន្តិវិធី»

សម្រាប់​យន្ត​ការ​ផ្សះផ្សារដោយ​បង្ខំ​នេះ​ ធ្លាប់​បាន​អនុវត្ត​ដោយ​ជោគជ័យ ​ដោះស្រាយ​វិវាទ​ព្រំដែនសមុទ្រ​រវាង​ប្រទេស​អូស្ត្រាលី និង​ទីម័រខាង​កើត​បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​២០១៨ ដូច្នេះ​ការ​ប្រើ​ប្រាស់​យន្ត​ការ​ផ្សះផ្សារ​ដោយ​បង្ខំ​ ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា​ និង​ថៃ​នា​ពេល​នេះ​គឺ​ជ​ាការណី​ទីពីរ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ UNClOS៕

ទស្សនា​វីដេអូពិស្តារ​សូមចុច​៖ Link

Share.