ព្រះសីហនុ៖ បន្ទាប់ពីមានរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ករណីស្ត្រីអាជីវករម្នាក់បានយកប៊ិចទៅសរសេរអក្សរជាតិខ្មែរនៅលើបាតជើងដើម្បីផ្សព្វផ្សាយលក់ផលិតផលនោះ ពេលនេះមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានចុះទៅធ្វើការអប់រំណែនាំផ្ទាល់ដល់អាជីវកររូបនោះហើយ ដោយសាមីខ្លួនបានដឹងកំហុស និងសន្យាកែប្រែឡើងវិញ។


កាលពីពេលថ្មីៗនេះ មានការផ្ទុះការវែកញែក និងរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ទៅលើស្ត្រីម្នាក់ឈ្មោះ ស្រី ល័ក្ខ ដែលជាអាជីវករលក់គ្រឿងសមុទ្រក្រៀមតាមអនឡាញនៅក្រុងព្រះសីហនុ។ ការរិះគន់នេះបានកើតឡើងបន្ទាប់ពីនាងបានបង្ហោះរូបភាព និងវីដេអូផ្សព្វផ្សាយលក់ទំនិញ ដោយបានយកប៊ិចមកសរសេរអក្សរខ្មែរ និងលេខ រួមមានពាក្យថា «បញ្ចុះតម្លៃ» និង «ទិញថែម» នៅលើបាតជើងទាំងសងខាងរបស់ខ្លួន រួចលើកបង្ហាញទៅកាន់កាមេរ៉ា។ សកម្មភាពនេះ ត្រូវបានមហាជនចាត់ទុកថាជាការប្រមាថ និងជាន់ឈ្លីយ៉ាងធ្ងន់ធ្ងរចំពោះអក្សរសាស្ត្រជាតិ ដែលជាអត្តសញ្ញាណ និងជាព្រលឹងដូនតាខ្មែរ ដោយមិនអាចយកមកលេងសើចនៅកន្លែងទាបបែបនេះឡើយ។
ឆ្លើយតបនឹងការរិះគន់នេះ ថ្វីត្បិតតែអាជីវកររូបនោះបានលុបវីដេអូ និងបានថតវីដេអូថ្មីដើម្បីសំពះសុំទោសជាសាធារណៈ ដោយអះអាងថាខ្លួន «ធ្វើឡើងដោយសារការគិតមិនបានដិតដល់ និងគ្មានចេតនាអាក្រក់ដើម្បីឱ្យទាន់ត្រេនដ៍ ក្រៅតែពីចង់ប្រម៉ូតទំនិញខ្មែរ» យ៉ាងណាក្តី ក៏មហាជនជាច្រើននៅតែបង្ហាញការមិនពេញចិត្ត។ អ្នកប្រើប្រាស់បណ្ដាញសង្គមថែមទាំងដាក់ការសង្ស័យលើសញ្ជាតិ និងភាសារបស់នាង ព្រមទាំងបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ ឱ្យមានវិធានការណែនាំ ឬចាត់ការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យមានការយកតម្រាប់តាមអាក្រក់បែបនេះតទៅទៀត។


ជាលទ្ធផល ក្រោយទទួលបានព័ត៌មាន និងការសំណូមពរពីមហាជន មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ បានចុះទៅជួប និងធ្វើការអប់រំណែនាំដល់ស្ត្រីឈ្មោះ ស្រី ល័ក្ខ ភ្លាមៗ អំពីតម្លៃនៃវប្បធម៌ និងអក្សរសាស្ត្រជាតិ។
ក្រោយទទួលបានការណែនាំពីមន្ត្រីជំនាញ ម្ចាស់សាមីខ្លួនបានទទួលស្គាល់កំហុសឆ្គងដ៏ធំធេងរបស់ខ្លួន និងបានថ្លែងអំណរគុណដល់អាជ្ញាធរដែលបានយោគយល់អធ្យាស្រ័យ៖ «នាងខ្ញុំសូមអរគុណដល់មន្ទីរវប្បធម៌ ដែលបានចុះមកជួយណែនាំ យោគយល់ និងអធ្យាស្រ័យនូវកំហុសឆ្គងរបស់ខ្ញុំ។ នាងខ្ញុំសន្យាថា នឹងចូលរួមជួយលើកស្ទួយអក្សរសាស្ត្រខ្មែរ ដែលជាដួងព្រលឹងជាតិ មិនឱ្យមានកំហុសបែបនេះទៀតឡើយ»។
ករណីនេះគឺជាមេរៀនមួយ សម្រាប់ជាការដាស់តឿនដ៏សំខាន់ដល់អាជីវករអនឡាញដទៃទៀត ក្នុងការផ្សព្វផ្សាយលក់ផលិតផល ដោយត្រូវប្រុងប្រយ័ត្នខ្ពស់មិនឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌ និងជាពិសេសអត្តសញ្ញាណជាតិខ្មែរ៕

