ភ្នំពេញ៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការរៀបចំផែនការថវិកាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានស្នើឱ្យមានការបង្កើតគណៈកម្មាធិការកម្រិតខ្ពស់មួយ ដើម្បីរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 សំដៅទាក់ទាញទុនពីវិស័យឯកជន និងដៃគូបរទេស ក្នុងការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន ៥៥% ត្រឹមឆ្នាំ២០៣៥។

ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះ តំណាង UN បានសម្តែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំឯកសារយុទ្ធសាស្ត្រ NDC 3.0 យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោយ តាមរយៈការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។ អ្វីដែលជាចំណុចលេចធ្លោ គឺការបញ្ជ្រាបបញ្ហាកុមារ និងសមភាពយេនឌ័រទៅក្នុងយុទ្ធសាស្ត្រនេះយ៉ាងល្អប្រសើរ។

ទោះជាយ៉ាងណា ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យបាន ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស តំណាង UN បានស្នើឱ្យបង្កើតគណៈកម្មាធិការកម្រិតខ្ពស់ (High-Level Committee) មួយ ដែលដឹកនាំរួមគ្នាដោយក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0។

គណៈកម្មាធិការនេះនឹងមាន UN ជាអ្នកសម្របសម្រួលក្រុមការងារបច្ចេកទេស ដែលដឹកនាំដោយ UNDP រួមផ្សំជាមួយស្ថាប័ន UN ផ្សេងទៀត (រួមមាន UNICEF, FAO, WFP និង UNIDO) ព្រមទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (IFIs) ដើម្បីរៀបចំក្របខ័ណ្ឌទាក់ទាញហិរញ្ញប្បទានពីវិស័យឯកជន និងដៃគូបរទេស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានសម្តែងការយល់ស្របទាំងស្រុងចំពោះការលើកឡើងនេះ ដោយបានបញ្ជាក់ថា ការធ្វើការរួមគ្នាលើវិស័យអាទិភាពទាំង៥ (រួមមាន៖ ថាមពល កសិកម្ម ព្រៃឈើ គីមី និងសំណល់) គឺជាកត្តាចាំបាច់បំផុត។

«គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនេះ គឺមិនចង់បានត្រឹមតែលទ្ធផលចុងក្រោយនៃគម្រោងនោះទេ ប៉ុន្តែត្រូវផ្តោតលើលទ្ធផលដែលមានឥទ្ធិពលវិជ្ជមានពិតប្រាកដ និងអាចវាស់វែងបានទៅលើសង្គម និងបរិស្ថាន»។ នេះបើតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត។

ឯកឧត្តមបានលើកឡើងពីឧទាហរណ៍ជាក់ស្តែងនៃការគ្រប់គ្រងសំណល់ឆ្លាតវៃនៅតាមរោងចក្រ ដែលមិនត្រឹមតែទប់ស្កាត់ការបំពុល និងការពារសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំណោះស្រាយដល់ផលិតកម្ម តាមរយៈការដាំ «ស្មៅយក្ស» យកមកកែច្នៃប្រើប្រាស់ជំនួសឈើធម្មជាតិ។ យុទ្ធសាស្ត្រនេះជួយកាត់បន្ថយការកាប់អុសផង និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ផង ដែលនេះជាផ្នែកមួយនៃកត្តាជោគជ័យជាយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលកម្ពុជាសម្រេចបានយ៉ាងពិតប្រាកដ៕

Share.