ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះ «ចាងមី» (Jangmi) ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។

យ៉ាងណាក៏ដោយ ព្យុះ «ចាងមី» នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់អាងទន្លេមេគង្គ និងកម្ពុជា ធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ តំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបញ្ជាក់ថា តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងគ្របដណ្តប់ប្រមាណ ២៥% នៃផ្ទៃដី។

ដោយឡែក តំបន់ខ្ពង់រាប អាចមានភ្លៀងគ្របដណ្តប់ប្រមាណ ១០% ខណៈតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានភ្លៀងគ្របដណ្តប់រហូតដល់ ៤០% នៃផ្ទៃដី។

ជាមួយគ្នានេះ រលកសមុទ្រត្រូវបានព្យាករថា មានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រ ដល់ ១,៥០ម៉ែត្រ ដូច្នេះប្រជាពលរដ្ឋ និងអ្នកនេសាទតាមតំបន់ឆ្នេរ គួរបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Share.