កំពង់ស្ពឺ៖ ក្រសួងបរិស្ថាន បានបញ្ចប់ការបោះបង្គោលព្រំដីចំនួន ២១បង្គោល នៅតំបន់គម្រោងគោលដៅលម្ហែបៃតងទេទឹកពុះ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីជំរុញការអភិវឌ្ឍជីវភាពសហគមន៍ និងពង្រឹងការការពារ អភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងពិធីផ្សព្វផ្សាយជំរុញសកម្មភាពបង្កើនគម្របបៃតង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ការបោះបង្គោលព្រំដី គឺជាមូលដ្ឋានសំខាន់ក្នុងការកំណត់ព្រំប្រទល់ឱ្យបានច្បាស់លាស់ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីរដ្ឋ និងការកាន់កាប់ដីសហគមន៍ដោយខុសច្បាប់ ព្រមទាំងជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការពារជីវចម្រុះក្នុងតំបន់។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រោយបញ្ចប់ការបោះបង្គោល ២១បង្គោល នៅតំបន់គម្រោងលម្ហែបៃតងទេទឹកពុះរួចហើយ នឹងបន្តបោះបង្គោលព្រំដីបន្ថែមចំនួន ៣៧បង្គោលជុំវិញតំបន់ ដើម្បីពង្រឹងការទប់ស្កាត់ការលួចរុករាន និងទន្ទ្រានដីខុសច្បាប់ ព្រមទាំងធានាឱ្យការអភិវឌ្ឍគោលដៅទេសចរណ៍លម្ហែបៃតងនេះមាននិរន្តរភាព។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អង្គការ និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ការដាំដើមឈើ បង្កើនគម្របបៃតង កាត់បន្ថយសំណល់ប្លាស្ទិក និងថែរក្សាបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងឆ្ពោះទៅរកសហគមន៍អព្យាក្រឹតកាបូននាពេលអនាគត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងពន្លឿនការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យក្លាយជាគោលដៅលម្ហែបៃតងដ៏ទាក់ទាញមួយនៅកម្ពុជា ស្របតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ រួមទាំងជនជាតិដើមភាគតិចសួយ ដែលរស់នៅក្នុងតំបន់នេះ៕

អត្ថបទ៖ ត្រយងតូច

Share.