ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាកសាងលំហព័ត៌មានដែលអាចជឿទុកចិត្តបាន និងប្រកបដោយទំនួលខុសត្រូវ ស្របពេលព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភាន់ កំពុងក្លាយជាបញ្ហាប្រឈមកាន់តែធំក្នុងយុគសម័យឌីជីថល។

ថ្លែងក្នុងពិធីបើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមបានលើកឡើងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Deepfake បានធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានមិនពិតកាន់តែងាយស្រួល និងមានឥទ្ធិពលទូលំទូលាយជាងមុន។

ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែធ្វើឱ្យសាធារណជនយល់ច្រឡំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនុកចិត្តលើស្ថាប័នរដ្ឋ និងឯកជន បង្កភាពបែកបាក់ក្នុងសង្គម និងអាចគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសផងដែរ។



រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាមទារការចូលរួមពីគ្រប់ភាគី រួមមានរាជរដ្ឋាភិបាល ស្ថាប័នព័ត៌មាន អ្នកសារព័ត៌មាន អ្នកផ្ទៀងផ្ទាត់ការពិត អ្នកផលិតមាតិកា យុវជន និងសាធារណជនទូទៅ ដើម្បីលើកកម្ពស់ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រើប្រាស់ប្រព័ន្ធឌីជីថលប្រកបដោយក្រមសីលធម៌។



ឯកឧត្តម នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃអក្ខរកម្មព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលជាឧបករណ៍ដ៏សំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋអាចបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិតបានកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកកសាងសង្គមឌីជីថលប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តខ្ពស់៕

អត្ថបទ៖ ត្រយងតូច

Share.